គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ឆាត់ លឿម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ អញ្ជើញជាអថិបតីក្នុងពិធីបិទ វេទិកាថ្នាក់ខេត្តស្តីពី ការពិគ្រោះយោបល់របស់ព្រឹទ្ធសភា ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ និងយេនឌ័រ នៅខេត្តឧត្តរមានជ័យ
2014-04-04 04:24:26

ឯកឧត្តម ឆាត់ លឿម ប្រធានក្រុម​សមាជិកព្រឹទ្ធសភា​ប្រចាំភូមិភាគទី៤ និងជាសមាជិក​គណៈកម្មការទី៧​ព្រឹទ្ធសភា អញ្ជើញជាអធិបតីក្នុងពិធីបិទ វេទិកាថ្នាក់​ខេត្ត​ស្តីពី ការពិគ្រោះ​យោ​បល់​​របស់ព្រឹទ្ធសភា ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ និង​យេនឌ័រ ដោយមាន​ការ​ចូលរួម​ពីសមា​ជិក សមាជិកាព្រឹទ្ធសភា តំណាងរាស្រ្តមណ្ឌលខេត្តឧត្តរមានជ័យ ប្រធានក្រុម​ប្រឹក្សា អភិបាល​​ខេត្ត​ឧត្តរមានជ័យ តំណាងក្រសួងមហាផ្ទៃ ក្រសួង​សេដ្ឋកិច្ចហិរញ្ញវត្ថុ ក្រសួង​ផែន​ការ​ ក្រសួង​កិច្ច​ការនារី តំណាងវិទ្យាស្ថានសភាកម្ពុជា សម្ព័ន្ធភាព​ក្រុមប្រឹក្សាឃុំ សង្កាត់ និងក្រុមប្រឹក្សាក្រុង ស្រុក និងឃុំ សង្កាត់ នៅទូទាំងខេត្តឧត្តរមានជ័យ សរុបចំនួន២១០រូប បាន​រៀបចំវេទិកាថ្នាក់ខេត្តស្តីពី ការពិគ្រោះ​យោបល់របស់ព្រឹទ្ធសភា​ជាមួយ​ក្រុម ប្រឹក្សាឃុំ សង្កាត់ និងយេនឌ័រ ដែលរៀប ចំឡើងដោយសមាជិកព្រឹទ្ធសភា​ប្រចាំភូមិភាគ​ទី៤ ​ដោយ​សហការឧបត្ថម្ភគាំទ្រ​ដោយក្រុម​សមា​ជិក​ព្រឹទ្ធសភា និងវិទ្យា​ស្ថាន​សភាកម្ពុជា​(PIC) នៅសាលប្រជុំសាលាខេត្តឧត្តរមានជ័យ នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៤។
ថ្លែងក្នុងឱកាសបិទអង្គវេទិកានាពេលនេះ ឯកឧត្តម ឆាត់ លឿម ប្រធានក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំភូមិភាគទី៤ និងជាសមាជិក​គណៈកម្មការទី៧​ព្រឹទ្ធសភា​ បានមានប្រសាសន៍ថា ឆ្លង​តាមកិច្ចដំណើរការរយៈពេលមួយថ្ងៃកន្លះ ដែលពោពេញទៅដោយកម្មវិធីមមាញឹកនេះ។​ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាវិជ្ជមានយ៉ាងច្រើនរបស់អង្គវេទិកានាពេលនេះ ដែល​ឆ្លុះបញ្ចាំងពីការ យកចិត្តទុកដាក់ខ្ពស់ ចូលរួមយ៉ាងសកម្មដោយគ្មានកខ្លាចនឿយហត់ដើម្បី​រួមគ្នា ប្រមូលផ្តុំគំនិតយោបល់ ចំណេះដឹង និងបទពិសោធន៍ល្អៗដ៏មានតម្លៃជាគុណប្រយោជន៍សម្រាប់ ជាមូលដ្ឋាក្នុងការបំពេញការងាររបស់យើងឲ្យបានកាន់តែល្អប្រសើរឡើង។
ឯកឧត្តម ឆាត់ លឿម ប្រធានក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំភូមិភាគទី៤ បានមានសម្តែង​នូវការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមធ្វើបទបង្ហាញចែករំលែកចំណេះដឹង បទ​ពិ​សោធន៍ ការ​បកស្រាយបំភ្លឺប្រកបដោយ វិជ្ជាជីវៈ និងអនុសាសន៍ល្អៗពីអង្គវេទិការបស់យើង ដែលបានផ្តោតសំខាន់ទៅលើការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ការអភិវឌ្ឍ​មូល​ដ្ឋាន ការងារស្រ្តី និងកុមារ និងការងារផែនការ ដែលទាំងនេះ​គឺជាទុនដ៏មានសារៈសំខាន់​ជា ជំនួយស្មារតីសម្រាប់សមាជិក សមាជិកាព្រឹទ្ធសភា អាជ្ញាធរពាក់ព័ន្ធ និងក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងការលើកកម្ពស់សមត្ថភាពបន្ថែម ។ លើសពីនេះ តាមរយៈបទអន្តរាគមន៍របស់ក្រុមប្រឹក្សាឃុំ សង្កាត់ បានផ្តល់លទ្ធផលល្អជាផ្លែផ្កាយ៉ាងច្រើន ដោយបានប្រមូលផ្តុំ​បញ្ហាជាក់ស្តែង​ដែលជា​កង្វល់ ឬសំណូមពរនានា ដើម្បីរួមគ្នាស្វែងយល់ និងចែករំលែកចំណេះដឹង និងបទពិសោធន៍​ល្អៗ​ពីគ្នាទៅវិញទៅមក ជួយដល់កិច្ចអភិវឌ្ឍន៍ សមត្ថភាពរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ឲ្យមាន​ការរីក​ចម្រើន​ថែមទៀត ស្រប តាមបរិបទកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការនៅកម្ពុជា។
ឯកឧត្តម ឆាត់ លឿម ប្រធានក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំភូមិភាគទី៤ បានសំណូមពរឲ្យ សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ និងអាជ្ញាធរពាក់ព័ន្ធបន្តយកចិត្តទុកដាក់​ខ្ពស់ធ្វើការ​សម្រប​សម្រួលសហការគ្នា ដោយស្មារតីទទួល ខុសត្រូវខ្ពស់ ដើម្បីអនុវត្តន៍ការងារឲ្យបានកាន់​តែល្អប្រសើរឡើងសម្រាប់ជាប្រយោជន៍ជាតិយើងទាំងអស់គ្នា។ ពិសេសជាងនេះទៅទៀតកត្តា​សាម​គ្គី និងសេចក្តីព្យាយាមរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធទាំងអស់​ក្នុងការ​គោ​រព​ច្បាប់បទដ្ឋានគតិយុត្តិ និងគោលនយោបាយនានា​ ការយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាព និងការៀនសូត្របទពិសោធន៍ល្អពីគ្នាទៅវិញទៅមក គឺជាកត្តាគន្លឹះក្នុងការពង្រឹង និងពង្រីកកិច្ច​អភិវឌ្ឍន៍​តាមបែបប្រជាធិបតេយ្យនៅមូលដ្ឋាន។
ឯកឧត្តម ឆាត់ លឿម បានមានប្រសាសន៍បន្ថែមថា នៅពេលណាដែល​កិច្ច​អភិវឌ្ឍន៍​តាម​បែបប្រជាធិបតេយ្យត្រូវបានពង្រីក និងចាក់ប្ញសកាន់តែជ្រៅនៅថ្នាក់មូលដ្ឋាន ស្របតាមគោល​នយោ​បាយរដ្ឋបាលសាធារណៈក្នុងក្របខណ្ឌអភិបាលកិច្ចល្អ ពេលនោះបញ្ហាប្រឈម​នានា​ក្នុង​ការ​អភិវឌ្ឍសមត្ថភាពរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ នឹងត្រូវបានដោះស្រាយបានកាន់តែច្រើន ដើម្បី​ឆ្លើយ​តបសេចក្តីត្រូវការរបស់មូលដ្ឋានកាន់តែប្រសើរឡើង ។

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦