គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា ចុះសិក្សាឈ្វេងយល់ស្តីពី “ការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ នៅថ្នាក់ក្រោមជាតិ និងការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ” នៅខេត្តកំពង់ស្ពឺ
2014-11-13 01:21:38

នាព្រឹកថ្ងៃទី១២ ខែវិចិ្ឆកា ឆ្នាំ២០១៤ នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺគណៈប្រតិភូគណៈកម្មការអង្តេត បោសសម្អាត និងប្រឆាំង​អំពើ​ពុករលួយនៃព្រឹទ្ធសភា(គណៈកម្មការទី១០ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាងអនុប្រធាន និងជាប្រធានស្តីទីគណៈកម្មការ បាន​អញ្ជើញចុះសិក្សាឈ្វេងយល់ស្តីពី “ការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ នៅថ្នាក់ក្រោមជាតិ និងការអនុវត្តច្បាប់​ប្រឆាំង​អំពើពុករលួយ” នៅខេត្តកំពង់ស្ពឺ។
ក្នុងជំនួបពិភាក្សានោះគណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា បានផ្តល់ឱកាសដល់ក្រុមប្រឹក្សា​ក្រុង ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ ជងបង្គោលប្រឆាំងអំពើពុករលួយ និងអង្គការសង្គមស៊ីវិល(NGOs)បញ្ចេញយោបល់អំពីភាពងាយស្រួល ការលំបាក បញ្ហាប្រឈមនានា និងសំណូមពរក្នុងការអនុវត្តការងាររៀងៗខ្លួន។
បន្ទាប់ពីបានស្តាប់អំពីភាពងាយស្រួល ការលំបាក បញ្ហាប្រឈមនានា និងសំណូមពររបស់ ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាឃុំ-សង្កាត់ ជន​បង្គោលប្រឆាំងអំពើពុករលួយ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានស្តីទីគណៈកម្មការ បានមានប្រសាន៍បញ្ជាក់​អំពីគោលបំណងនៃ​ការចុះ​បំពេញបេសកកម្មដើម្បីសិក្សាឈ្វេងយល់អំពីការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការអនុវត្តច្បាប់ប្រឆាំងនឹងអំពើ​ពុករលួយ ដោយផ្តោតសំខាន់លើ ទី១-ការអនុវត្តការគោលនយោបាយកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឈការ ការអនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យនៅ​ថ្នាក់ក្រោមជាតិ​ផ្តោតលើការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្តីពី​ការគ្រប់​គ្រង​រដ្ឋបាល​ឃុំ-សង្កាត់ ទី២-ការអនុវត្តគម្រោងអភិវឌ្ឍន៍ថ្នាក់ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ របស់ខេត្ត ទី៣-ផ្តល់ឱកាសដល់សមាជិក​ក្រុម​ប្រឹក្សាឃុំ-សង្កាត់ បញ្ចេញមតិយោបល់ និងបង្ហាញអំពីកបញ្ហាប្រឈមនានាដែលជួបប្រទះក្នុងពេលបំពេញការងារ ទី៤-ស្តាប់ក្រុមជន​បង្គោលប្រឆាំងអំពើពុករលួយរាយការណ៍ពីការអនុវត្តការងារកន្លងមក និងលទ្ធផលដែលទទួលបាន ទី៥-ការផ្សព្វផ្សាយច្បាប់ស្តីពីច្បាប់​ប្រឆាំងអំពើពុករលួយ ដើម្បីលើកកម្ពស់ការយល់ដឹងពីផលវិបាកនៃអំពើពុករលួយ និងវិធានការបង្ការ និងទី៦-គណៈកម្មការនឹង​ពិនិត្យវាយ​តម្លៃទៅលើចំណុចពាក់ព័ន្ធខាងលើធៀបនឹងលទ្ធផលការងារដែលខេត្តបានអនុវត្តកាលពីឆ្នាំមុន។

ឯកឧត្តម បានមានប្រសាសន៍បន្តថា ព្រឹទ្ធសភា មានមុខងារសំខាន់៣ គឺទី១-មុខងារនីតិកម្ម ទី២-មុខងារត្រួតពិនិត្យ និងទី៣-មុខងារ​ជាតំណាង។ ព្រឹទ្ធសភាចាប់ពីនីតិកាលទី២ដល់នីតិកាលទី៣ កើតឡើងដោយការបោះឆ្នោតជាអសកល ដែលមានក្រុមប្រឹក្សាឃុំសង្កាត់ និងតំណាងរាស្រ្តក្នុង តំណែងជាអង្គបោះឆ្នោត ហេតុនេះសមាជិកព្រឹទ្ធសភាជាតំណាងឲ្យសិទ្ធិ និងផលប្រយោជន៍របស់ ក្រុមប្រឹក្សា​ឃុំ​សង្កាត់ និងប្រជាពលរដ្ឋខ្មែរទាំងមូល។
ឯកឧត្តម បានមានប្រសាសន៍បន្តទៀតថា ទាក់ទឹងនឹងការលំបាក និងបញ្ហាប្រឈម និងសំណូមពរ ដែលក្រុមប្រឹក្សាឃុំ-សង្កាត់ បានលើក​ឡើង គណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធ​សភា នឹងពាំនាំរាល់បញ្ហាទាំងនោះ ដើម្បីរៀបចំធ្វើជារបាយការណ៍​ដាក់ជូនគណៈកម្មាធិការ​អចិន្ត្រៃយ៍ព្រឹទ្ធសភាពិនិត្យ ដើម្បីលើកជាអនុសាសន៍ដល់ក្រសួង និងស្ថាប័នដែលមានសមត្ថកិច្ច ដើម្បីធ្វើការដោះស្រាយ៕

អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦