គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម សាយ ឈុំ អនុប្រធានទី១ព្រឹទ្ធសភា ទទួលជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម Azuma KOSHIISHI អនុប្រធានព្រឹទ្ធសភាជប៉ុន
2014-08-22 02:00:49

នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៤ នៅវិមានព្រឹទ្ធសភា ឯកឧត្តម សាយ ឈុំ អនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម Azuma KOSHIISHI អនុប្រធានព្រឹទ្ធសភា នៃរាជាណាចក្រជប៉ុន ក្នុងឱកាសដែលឯកឧត្តម ដឹកនាំ គណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។



ឯកឧត្តម Azuma KOSHIISHI អនុប្រធានព្រឹទ្ធសភាជប៉ុន បានមានប្រសាសន៍វាយតម្លៃ ខ្ពស់ចំពោះការរីកចម្រើនដ៏ឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងអបអរសាទរចំពោះការ បញ្ចប់ភាពតានតឹងនយោបាយ។
ឯកឧត្តម អនុប្រធានព្រឹទ្ធសភាជប៉ុន បានសន្យាថានឹងជំរុញឲ្យការវិនិយោគកាន់តែមានការកើនឡើងនៅកម្ពុជា ពិសេសថ្មីៗនេះមានក្រុមហ៊ុនវិនិយោគជប៉ុនធំៗជាច្រើនបានចាប់អារម្មណ៍ក្នុងការមកវិនិយោគនៅប្រទេសកម្ពុជា ជាក់ស្តែងដូចជាការបង្កើតផ្សារទំនើបអេអនជាដើម។ ជាមួយគ្នានេះដែរ ឯកឧត្តម បានសន្យាដែរថានឹងជួយបណ្ដុះបណ្ដាល និងជួយផ្ដល់អាហាររូបករណ៍ដល់និស្សិតកម្ពុជា ដើម្បីបានទៅសិក្សានៅប្រទេសជប៉ុនឲ្យកាន់តែច្រើនជាងមុនថែមទៀត។
ឯកឧត្តម សាយ ឈុំ អនុប្រធានទី១ព្រឹទ្ធសភា បានមានប្រសាសន៍ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលជប៉ុន និងព្រះចៅអធិរាជជប៉ុន ដែលបានជួយឧបត្ថម្ភគាំទ្រដល់ប្រទេសកម្ពុជាជាច្រើនដូចជា ស្ពានជ្រោយចង្វារ ស្ពានគីស៊ូណា ប្រព័ន្ធលូទឹក ផ្លូវថ្នល់ជាដើម។
ឯកឧត្តម អនុប្រធានទី១ព្រឹទ្ធសភា បានស្នើសុំដល់ព្រឹទ្ធសភាជប៉ុន ឲ្យបង្កើនការផ្លាស់ប្ដូរ គណៈប្រតិភូទស្សនកិច្ចគ្នាទៅវិញទៅមក ដើម្បីផ្លាស់ប្ដូរបទពិសោធន៍រវាងព្រឹទ្ធសភាកម្ពុជា និងព្រឹទ្ធសភាជប៉ុនដែលជាអង្គការនីតិប្បញ្ញាត្តិ ជាពិសេសដើម្បីពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំថែមទៀត និងស្នើសុំដល់ព្រឹទ្ធសភាជប៉ុនជួយព្រឹទ្ធសភាកម្ពុជានូវវិស័យព័ត៌មានវិទ្យា និងវិស័យផ្សេងៗទៀតដែលព្រឹទ្ធសភាកម្ពុជាកំពុងខ្វះខាតដើម្បីបង្កឲ្យព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាកាន់តែមានភាពងាយស្រួលក្នុងការអភិវឌ្ឍន៍៕

រូបភាព៖នាយកដ្ឋានព័ត៌មានវិទ្យា
អត្ថបទ ៖ នាយកដ្ឋានព័ត៌មាន



 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦