គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានអនុញ្ញាតឲ្យឯកឧត្តម Naoto SAKAGUCHI សមាជិករដ្ឋសភាជប៉ុន ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ
2014-08-21 01:28:45

នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៤ នៅវិមានព្រឹទ្ធសភា ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម Naoto SAKAGUCHI សមាជិករដ្ឋសភា នៃរាជាណាចក្រជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរដ្ឋសភាជប៉ុន និងបានវាយតម្លៃខ្ពស់ចំពោះដំណើរ ទស្សកិច្ចរបស់គណប្រតិភូ នឹងពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការល្អរវាងព្រះរាជាណាចក្រកម្ពុជា និងរាជាណាចក្រជប៉ុន ឲ្យកាន់តែរឹងម៉ាំថែមទៀត។
ឯកឧត្តម បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមជួយអភិវឌ្ឍន៍ប្រទេសកម្ពុជាលើគ្រប់វិស័យ ទាំងវិស័យនយោបាយ សេដ្ឋកិច្ច តាមរយៈការបញ្ជូនអ្នកជំនាញមកចូលរួមក្នុងការបោះឆ្នោតនៅកម្ពុជាតាំងពីឆ្នាំ១៩៩៣រហូតដល់បច្ចុប្បន្ន និងជួយកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន សាលារៀន និងមន្ទីរពេទ្យជាដើម។
ឯកឧត្តម បានជម្រាបអំពីព្រឹត្តិការណ៍ថ្មីៗ ស្តីអំពីការបញ្ចប់ភាពតានតឹងនយោបាយ ក្រោយពីមានជំនួបចចាររវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤កន្លងទៅ ដោយឈរលើគោលនយោបាយឈ្នះៗរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបង្រួបបង្រួមជាតិ ហើយសម្រេចបានកិច្ចព្រមព្រៀងមួយ ក្នុងនោះមានការធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា សំដៅបង្កលក្ខណៈឲ្យគណបក្សសង្រ្គោះជាតិបានចូលរួមក្នុងដំណើរការរដ្ឋសភាជាប្រក្រតី។
ឯកឧត្តម អនុប្រធានទី២ព្រឹទ្ធសភា ក៏បានជូនពរឲ្យដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ រដ្ឋសភាជប៉ុន នៅព្រះរាជាណាចក្រកម្ពុជា ទទួលបានជោជ័យផងដែរ។
ឯកឧត្តម Naoto SAKAGUCHI សមាជិករដ្ឋសភា នៃរាជាណាចក្រជប៉ុន បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតឲ្យឯកឧត្តម ចួលជួបពិភាក្សាការងារ។
ឯកឧត្តម បានមានប្រសាសន៍បន្តថា ដំណើរទស្សនកិច្ចនាពេលនេះ ជាការរួមចំណែកសិក្សាអំពីការចូលរួមរបស់ប្រទេសជប៉ុន លើកំណែទម្រង់នយោបាយរបស់កម្ពុជា។
ឯកឧត្តម បានចូលរួមអបអរសាទរ ដែលប្រទេសកម្ពុជា បានបញ្ចប់ភាពតានតឹងនយោបាយ។ ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះ ការវិវត្តនយោបាយរបស់ប្រទេសកម្ពុជា ក្រោយពីការបោះ ឆ្នោតឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ន ដែលប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី៕





រូបភាព៖នាយកដ្ឋានព័ត៌មានវិទ្យា
អត្ថបទ៖ នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦