ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធព្រះរាជពិធីបើកសម័យប្រជុំដំបូង នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
 
ចែករំលែក ៖

ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធព្រះរាជពិធីបើកសម័យប្រជុំដំបូង នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង៩:០០នាទីព្រឹក នៅវិមានព្រឹទ្ធសភា ដោយមានវត្តមានរបស់ឥស្សរជនជាន់ខ្ពស់ជាថ្នាក់ដឹកនាំស្ថាប័នជាតិសំខាន់ៗ អង្គទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជា និងវត្តមានសមាជិក សមាជិកាព្រឹទ្ធសភានីតិកាលទី៥ចំនួន ៦២រូប។
សូមបញ្ជាក់ថា យោងតាមរដ្ឋធម្មនុញ្ញ ព្រឹទ្ធសភាជាអង្គការដែលមានអំណាចនីតិប្បញ្ញត្តិ ហើយបំពេញភារកិច្ចរបស់ខ្លួន ដូចបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និង ច្បាប់ជាធរមាន។ ព្រឹទ្ធសភាមានសមាជិកយ៉ាងច្រើន ស្មើនឹងពាក់កណ្ដាលនៃចំនួនសមាជិករដ្ឋសភាទាំងមូល។ សមាជិកព្រឹទ្ធសភាចំនួន ២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ។ សមាជិកព្រឹទ្ធសភាចំនួន ២រូប ត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប។ រីឯសមាជិកព្រឹទ្ធសភាឯទៀត ត្រូវបានជ្រើសតាំងដោយការបោះឆ្នោតអសកល (ដោយអង្គបោះឆ្នោត ជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ និងសមាជិករដ្ឋសភាក្នុងតំណែង)។
ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នាពេលកន្លងមក មានគណបក្សនយោបាយចំនួន៤ចូលរួមប្រកួតប្រជែង ដើម្បីប្រជែងកៅអីចំនួន៥៨ ក្នុងនោះគណបក្សប្រជាជនកម្ពុជាទទួលបាន៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរទទួលបាន ៣អាសនៈ។ ក្រៅពីនេះ សមាជិកព្រឹទ្ធសភាចំនួន២រូប ចាត់តាំងដោយព្រះមហាក្សត្រ និងសមាជិកព្រឹទ្ធសភាចំនួន២រូបទៀត ជ្រើសតាំងដោយរដ្ឋសភា៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ