khmer eng
  • ឯកឧត្តម ឡាយ សំកុល អំពាវនាវមន្រ្តីរាជការរួបរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីបុព្វហេតុជាតិមាតុភូមិ «សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់»
     
    ចែករំលែក ៖

    ក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រចាំខែធ្នូ និងកំណត់ទិសដៅការងារខែមករា ឆ្នាំ២០២៦ នាព្រឹកថ្ងៃសុក្រ ទី៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា បានជម្រាបជូនអង្គប្រជុំអំពីសភាពការណ៍វិវត្តថ្មីៗ នៅលើពិភពលោក និងអំពីមហិច្ឆតាឈ្លានពានរបស់ថៃ មកលើកម្ពុជា ព្រមទាំងបានអំពាវនាវដល់មន្រ្តីរាជការទាំងអស់ ត្រូវរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីគាំទ្រដល់សម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ព្រមទាំងវីរកងទ័ពយើង ក្នុងការការពារបូរណភាពទឹកដី អធិបតេយ្យជាតិ ពីការឈ្លានពានរបស់ថៃ ដូចពំនោលពីបុរាណថា «សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់»។
    ក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ដែលបានខិតខំបំពេញការងារដោយទទួលបានលទ្ធផលយ៉ាងគាប់ប្រសើរ ជាឧត្តមប្រយោជន៍សម្រាប់ស្ថាប័ននិងប្រទេសជាតិ។
    ចំពោះទិសដៅការងារនាពេលខាងមុខ ឯកឧត្តមអគ្គលេខាធិការ បានណែនាំដល់អគ្គនាយកដ្ឋានសេវាច្បាប់និងសមូហភាពដែនដី និងអង្គភាពពាក់ព័ន្ធ ត្រៀមរៀបចំកិច្ចប្រជុំរបស់ព្រឹទ្ធសភា ដើម្បីពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ និងការបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា ក្នុងសម័យប្រជុំព្រឹទ្ធសភា នាពេលខាងមុខ។ ក្នុងអំឡុងពេលនៃចន្លោះសម័យប្រជុំព្រឹទ្ធសភានេះ ឯកឧត្តមអគ្គលេខាធិការ បានណែនាំដល់អង្គភាពពាក់ព័ន្ធ ត្រៀមផ្តល់សេវាជូនគណៈកម្មការនានារបស់ព្រឹទ្ធសភា ក្នុងចុះឈ្វេងយល់និងប្រមូលព័ត៌មានអំពីវិស័យជាសមត្ថកិច្ចរបស់ខ្លួន នៅតាមក្រសួង ស្ថាប័ន និងមូលដ្ឋាន ឱ្យបានរលូននិងគ្រប់ជ្រុងជ្រោយ។
    ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គលេខាធិការ បានណែនាំដល់អគ្គនាយកដ្ឋានពិធីការនិងទំនាក់ទំនងអន្តរជាតិ រៀបចំឯកសារ បែបបទ និងកិច្ចការផ្សេងៗ ក្នុងការរៀបចំទទួលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់នៃប្រទេសបាគីស្ថាន និងប្រទេសរុស្ស៊ី មកកាន់កម្ពុជា ព្រមទាំងការអញ្ជើញចូលរួមកិច្ចប្រជុំសភាប្រើភាសាបារាំង APF នៅប្រទេសម៉ុងតេណេក្រូ របស់ថ្នាក់ដឹកនាំព្រឹទ្ធសភា។
    ចំពោះការអភិវឌ្ឍន៍ស្ថាប័ន ឯកឧត្តមអគ្គលេខាធិការ បានស្នើឱ្យគ្រប់អគ្គនាយកដ្ឋាន រៀបចំរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ ដើម្បីរាយការណ៍ក្នុងកិច្ចប្រជុំបូកសរុបប្រចាំឆ្នាំ ដែលនឹងរៀបចំនៅខែកុម្ភៈ ឆ្នាំ២០២៦។ ជាមួយគ្នានេះ ការត្រៀមរៀបចំកម្មវិធីសូត្រមន្ត ក្រុងពាលី សុំសិរីសួស្តី ជូនថ្នាក់ដឹកនាំព្រឹទ្ធសភាចូលបំពេញការងារនៅអគារថ្មី និងកម្មវិធីសម្ពោធអគារថ្មី នាពេលខាងមុខ ព្រមទាំងរៀបចំកិច្ចប្រជុំចង្អៀតជាមួយថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងអគ្គនាយកដ្ឋាន ក្នុងពេលឆាប់ៗនេះ។
    ជាចុងបញ្ចប់ ឯកឧត្តមអគ្គលេខាធិការ បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ បន្តខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាឱ្យបានទាន់ពេលវេលា និងគ្រប់ជ្រុងជ្រោយជូនស្ថាប័ន៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បញ្ជាក់ថា ការកំណត់សូចនាករលទ្ធផលការងាររបស់ក្រុមនានាព្រឹទ្ធសភា ធ្វើឱ្យមានភាពងាយស្រួលពិនិត្យវឌ្ឍនភាពការងារ
    thumbnail
     
    សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន អញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភានៃប្រទេសទាំងពីរ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន ជួបទ្វេភាគីជាមួយឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន
    thumbnail
     
    ឯកឧត្តម ងី ច័ន្រ្ទផល អមដំណើរឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ និងបុព្វការីជន នៅវិមានឯករាជ្យ