






នាព្រឹកថ្ងៃចន្ទ ១២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត គឹម ធា លេខាធិការគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានអញ្ជើញចូលរួមអមដំណើរសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខបងប្អូន ជាមួយសមាជិក សមាជិកាសមាគមអតីតយុទ្ធជននិងនិវត្តន៍ជនកម្ពុជា និងអតីតយុទ្ធមិត្តចំនួន ៤៩១គ្រួសារ ដែលបានរៀបចំឡើងនៅទីតាំងដីសម្បទានសង្គមកិច្ច ភូមិជីកដី ឃុំអណ្តូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង ដោយមានអ្នកចូលរួមចំនួន ៦០០អង្គ/នាក់។
ដើម្បីបន្តរួមចំណែកអភិវឌ្ឍន៍ និងថែរក្សាសុខុមាលភាពគ្រួសារ សម្តេចកិត្តិសង្គហបណ្ឌិត បានផ្តល់នូវមតិផ្តាំផ្ញើដ៏ខ្ពង់ខ្ពស់ចំនួន ៤ចំណុច៖
១. បន្តរួមសាមគ្គីភាព និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សាសន្តិភាព ស្ថិរភាពសង្គម និងចូលរួមអនុវត្តន៍គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ឱ្យបានល្អប្រសើរ។
២. សូមឱ្យបងប្អូនអតីតយុទ្ធមិត្ត និងគ្រួសារទាំងអស់ យកចិត្តទុកដាក់ថែរក្សាសុខភាព រស់នៅមានអនាម័យ ហូបស្អាត ផឹកស្អាត។
៣. ត្រូវខិតខំបង្កបង្កើនផលបន្ថែមលើដីធ្លីដែលមាន តាមរយៈការដាំដុះដំណាំរួមផ្សំ និងការចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ និងកាត់បន្ថយចំណាយក្នុងជីវភាពប្រចាំថ្ងៃ។
៤. ជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាក្នុងខេត្តស្វាយរៀង បន្តចុះតាមដាន សួរសុខទុក្ខ និងដោះស្រាយបញ្ហាប្រឈម ឬតម្រូវការចាំបាច់របស់អតីតយុទ្ធជននិងនិវត្តន៍ឱ្យបានទាន់ពេលវេលា ដោយមិនត្រូវទុកឱ្យអ្នកណាម្នាក់រស់នៅក្នុងភាពឯកោឡើយ។
ក្នុងឱកាសនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បាននាំយកអំណោយឧបត្ថម្ភ និងសម្ភារៈប្រើប្រាស់ចែកជូនដល់អតីតយុទ្ធមិត្តទាំង ៤៩១គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ៖ អង្ករ១០គីឡូក្រាម ត្រីខ១០កំប៉ុង ទឹកត្រី៦ដប ទឹកស៊ីអ៊ីវ៦ដប មី១កេស ទឹកបរិសុទ្ធ១កេស ភួយ១ និងថវិកាមួយចំនួន។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៦ព្រឹទ្ធសភា
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន