khmer eng
  • រចនាសម្ព័ន្ធព្រឹទ្ធសភា

    ១. រចនាសម្ព័ន្ធនយោបាយ

            ព្រឹទ្ធសភាមានគណៈក​ម្មាធិការអចិន្ត្រៃយ៍មួយ មានភារកិច្ច ដឹកនាំ ចាត់ចែង និងពិនិត្យសម្រេចរាល់សកម្មភាពផេ្សងៗរបស់ព្រឹទ្ធសភា ក្នុងលក្ខខណ្ឌកំណត់នៃបទបញ្ជាផ្ទៃក្នុង ព្រមទាំងមានគណៈកម្មការនានា ដែលទទួលបន្ទុក ការងារតាមវិស័យជាសមត្ថកិច្ច ។

            គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា មាន​ប្រធាន​ព្រឹទ្ធសភា​ជា​ប្រធាន​ និង​មាន​អនុ​ប្រធាន​ទាំង​ពីរ​នៃ​ព្រឹទ្ធសភា​ និង​​ ប្រធាន​គណៈ​កម្មការ​នានា​ជា​សមាជិក​ ។

            គណៈកម្មការនានារបស់ព្រឹទ្ធសភា ប្រតិបត្តិ​ការ​ងារ​ទៅ​​តាម​តួនាទី​ ភារកិច្ច និង​សមត្ថកិច្ច​ដែល​កំណត់​ដោយ​គណៈ​កម្មាធិការ​អចិន្រ្តៃយ៍​ព្រឹទ្ធសភា​ ។

            ក្រៅ​ពី​គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​ គណៈ​កម្មការ​នានា​ និង​គណៈ​កម្មការ​ពិសេស​ ព្រឹទ្ធសភា​មាន​ក្រុម​ផ្សេងៗ​ដែល​បាន​បង្កើត​ឡើង​តាម​បញ្ញត្តិ​ប្រការ​១១​ថ្មី​ និង​ប្រកា​រ៣៨​ នៃ​​​បទ​​​បញ្ជា​​ផ្ទៃ​ក្នុង​ព្រឹទ្ធសភា​ ដូច​ខាង​ក្រោម​ ៖​

    • ក្រុម​សមាជិក​ព្រឹទ្ធសភា​ (ក្រុម​នយោបាយ​/ក្រុម​ ពិភាក្សា​)

    • ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទាំង៨

    • ក្រុម​សមាជិកា​ព្រឹទ្ធសភា

    • គណៈ​កម្មការ​ក្រម​សីលធម៌​សភា​របស់​សមាជិក​ព្រឹទ្ធសភា

    • អ្នកនាំពាក្យព្រឹទ្ធសភា

    • ក្រុម​ជន​បង្គោល​ប្រឆាំង​អំពើ​ពុក​រលួយ​ព្រឹទ្ធសភា

    • ក្រុម​​សមាជិក​​ព្រឹទ្ធសភា​​ទទួល​​បន្ទុក​​សហ​​ប្រតិ​បត្តិការ​​ជាមួយ​​បណ្តា​ស្ថាប័ន​អន្តរ​សភា (ក្រុមពហុភាគី ) ៖

    + មហាសន្និបាតអន្តរសភាអាស៊ាន ( ASEAN Inter-Parliamentary Assembly) (AIPA)

    + សហភាពអន្តរសភា  (Inter-Parliamentary Union ) (IPU)

    + សភានិយាយភាសាបារាំង(Parliamentary Assembly of the Francophonie)(APF)

    + អន្តរសភាកម្ពុជា ឡាវ វៀតណាម (Cambodia-Laos-Vietnam Inter-Parliamentary)(CLV)

    + មហាសន្និបាតសភាតំបន់អាស៊ី (Asia Parliamentary Assembly)(APA) + វេទិកាសភាអាស៊ីប៉ាស៊ីហ្វិក (Asia Pacific Parliamentary Forum)(APPF) + អន្តរសភា នៃភាពជាដៃគូអាស៊ី-អឺរ៉ុប (Asia-Europe Parliamentary Partnership)(ASEP)

    • ក្រុម​មិត្តភាព​ព្រឹទ្ធសភា​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ ជាមួយ​សភា​បណ្តា​ប្រទេស​ (ក្រុមទ្វេ​ភាគី) ៖

    + សភានៃសាធារណរដ្ឋបារាំង (FRANCE)

    + សភាសហព័ន្ធវាឡូនី-ប្រ៊ុចសែល (FEDERATON​ WALLONIE-BRUXELLS)

    + សភាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ  (LAOS)

    + សភាសាធារណរដ្ឋសង្គមនិយមវៀតណាម  (VIETNAM)

    + សភាក្រុមប្រឹក្សានយោបាយប្រជាជនចិន  (CHINA)

    + សភាជប៉ុន(JAPAN)

    + សភាអូស្រ្តាលី និងញូហ្ស៉ឺឡែន (AU​S​TRALIA & NEW ZEALAND)

    + សភាព្រះរាជាណាចក្រថៃឡងដ៏ (THAILAND)

    + សភាតួកគី (TURKEY)

    + ក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធ  នៃសហព័ន្ធរុស្ស៉ី(RUSSIA)

    + សភាម៉ុងហ្គោលី (MONGOLIA)

    + សភាកូរ៉េខាងត្បូង (SOUTH KOREA)

    + សភាសាធារណរដ្ឋឥណ្ឌា (INDIA) + សភាសហព័ន្ធមីយ៉ាន់ម៉ា (MYANMAR) ។

            គណៈ​កម្មការ​ក្រម​សីលធម៌​ និង​ក្រុម​ទាំង​នេះ​របស់​ព្រឹទ្ធសភា​ដំណើរ​ការ​ការងារ​ទៅ​តាម​តួនាទី​ ភារកិច្ច​ និង​សមត្ថ​កិច្ច​របស់​ខ្លួន​ ព្រម​ទាំង​មាន​របប​ថវិកា​ប្រចាំ​ខែ​សម្រាប់​​បំពេញ​ការងារ​ ។ ​តួនាទី​ ភារកិច្ច​ សមត្ថកិច្ច​ និង​របប​ថវិកា​ប្រចាំ​ខែ​របស់​ក្រុម​ទាំងនេះ​​ត្រូវ​កំណត់​ដោយ​គណៈ​កម្មា​ធិការ​អចិន្រ្តៃយ៍​ព្រឹទ្ធសភា​ ​។​

    ២.  រចនាសម្ព័ន្ធរដ្ឋបាល

            នៅ​រៀង​រាល់​ដើម​នីតិ​កាល​នីមួយ​​ៗ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ថ្នាក់​ដឹក​នាំ​ព្រឹទ្ធសភា​​បាន​ហើយ​ ប្រធាន​ព្រឹទ្ធសភា​ ដោយ​មាន​ការ​ឯកភាព​ពី​អនុ​ប្រធាន​ទំាងពីរ​របស់​ខ្លួន​ ស្នើ​សុំ​ទៅ​ព្រះ​មហា​ក្សត្រ​តែង​តាំង​ឥស្សរ​ជន​ជាន់​ខ្ពស់​មួយ​រូប​ជា​អគ្គ​លេ​ខា​ធិការ​ និង​អគ្គ​លេខា​​ធិ​​ការ​រង​មួយ​ចំនួន​តាម​​​ការ​ចាំ​បាច់​ ដើម្បី​ដឹក​នាំ​អគ្គ​លេខា​​ធិការ​ដ្ឋាន​ព្រឹទ្ធសភា​ ។​

            អគ្គ​លេខា​ធិការ​ដ្ឋាន​ព្រឹទ្ធសភា​ ទទួល​បន្ទុក​ធ្វើ​កំណត់ហេតុ​របស់​ព្រឹទ្ធសភា​ គណៈ​កម្មាធិការ​អចិន្រៃ្តយ៍​ និង​គណៈ​កម្មការ​នានា​រប​ស់​ព្រឹទ្ធ​សភា​ រ៉ាប់​រង​រាល់​កិច្ចការ​រដ្ឋបាល​ សន្តិសុខ​ និង​សេវា​ទាំង​​ឡាយ​​របស់​ព្រឹទ្ធសភា​ ព្រម​ទាំង​ទំនាក់​​ទំនង​ផ្សេងៗ​ក្រៅ​ព្រឹទ្ធសភា​ ក្រោម​​​ការ​ដឹកនាំ​ និង​ត្រួត​ពិនិត្យ​​របស់​ប្រធាន​ព្រឹទ្ធសភា​ ។

            ​អគ្គ​លេខាធិការ​ដ្ឋាន​មាន​រចនាសម្ព័ន្ធ​ចែក​ចេញ​ជាប្រាំ​អគ្គ​នាយក​ដ្ឋាន​ និង​មាន​អគ្គា​ធិការ​ដ្ឋាន​មួយ​ ។