អគ្គលេខាធិការដ្ឋាន
បទបញ្ញត្តិកំណត់ក្នុងបទបញ្ញាផ្ទៃក្នុងព្រឹទ្ធសភាស្តីអំពី តួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
ព្រឹទ្ធសភាមានអគ្គលេខាធិការដ្ឋានមួយ ទទួលបន្ទុកធ្វើកំណត់ហេតុរបស់ព្រឹទ្ធសភា គណៈកម្មាធិការអចិន្ត្រៃយ៍ និងគណៈកម្មការនានាព្រឹទ្ធសភា។ អគ្គលេខាធិការដ្នាននេះ ទទួលរ៉ាប់រងរាល់កិច្ចការរដ្ឋបាល សន្តិសុខ និងសេវាទាំងឡាយរបស់ព្រឹទ្ធសភា ព្រមទាំងទំនាក់ទំនងផ្សេងៗក្រៅព្រឹទ្ធសភាក្រោមការត្រួតពិនិត្យរបស់ប្រធានព្រឹទ្ធសភា។
អគ្គលេខាធិការដ្ឋាន ត្រូវដឹកនាំដោយអគ្គលេខាធិការមួយរូប និងមានអគ្គលេខាធិការរងជាជំនួយការ។
អគ្គលេខាធិការ និងអគ្គលេខាធិការរង ត្រូវជ្រើសរើសក្នុងចំណោមមន្រ្តីជាន់ខ្ពស់ ដែលមានបទពិសោធក្នុងកិច្ចការសភា ឫកិច្ចការរដ្ឋបាលយ៉ាងតិច ១០ឆ្នាំ ហើយដែលមិនមែនជាសមាជិកព្រឹទ្ធសភា និងមិនមែនជាអ្នកដឹកនាំគណបក្សនយោបាយ។
អគ្គលេខាធិការ និងអគ្គលេខាធិការរង ត្រូវតែងតាំងដោយព្រះរាជក្រឹត្យ តាមសំណើរបស់ប្រធានព្រឹទ្ធសភា ក្រោយពីបានឯកភាពជាមួយអនុប្រធានទី១ និងអនុប្រធានទី២។
អគ្គលេខាធិការ មានឋានៈ និងបុព្វសិទ្ធិស្មើនឹងរដ្ឋមន្រ្តី។
អគ្គលេខាធិការរង មានឋានៈ និងបុព្វសិទ្ធិស្មើនឹងរដ្ឋលេខាធិការ។
មន្រ្តីទាំងអស់របស់អគ្គលេខាធិការដ្ឋាន ត្រូវតែងតាំងដោយប្រធានព្រឹទ្ធសភា ស្របតាមច្បាប់ ស្តីពី លក្ខន្តិកៈមន្ត្រីរាជការនៃក្រុមនីតិប្បញ្ញត្តិ។
ការរៀបចំ និងការប្រព្រឹត្តទៅ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ត្រូវកំណត់ដោយសេចក្តីសម្រេចរបស់ប្រធានព្រឹទ្ធសភា។
ព្រឹទ្ធសភាមានថវិកាស្វយ័តសម្រាប់ដំណើរការ។ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ដោយមានការចូលរួមពីតំណាងគណៈកម្មការនានាព្រឹទ្ធសភា មានភារកិច្ចពិនិត្យ និងលើកយោបល់ក្នុងគម្រោងថវិកាប្រចាំឆ្នាំរបស់ព្រឹទ្ធសភា ដែលរៀបចំដោយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដើម្បីសុំការយល់ព្រមពីគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាពិនិត្យ សម្រេច ហើយបញ្ជូនសេចក្តីស្នើថវិកានោះទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់បញ្ចូលទៅក្នុងកម្រោងថវិកាជាតិ តាមការកំណត់ក្នុងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ។
រាល់ចំណាយថវិការបស់ព្រឹទ្ធសភា ត្រូវមានតម្លាភាព និងធានាផ្តល់សេវាប្រកបដោយប្រសិទ្ធភាព និងសមធម៌ជូនព្រឹទ្ធសភា គណៈកម្មការនានាព្រឹទ្ធសភា និងសមាជិកព្រឹទ្ធសភា។
បែបបទចំណាយថវិការបស់ព្រឹទ្ធសភា ត្រូវកំណត់ដោយសេចក្តីសម្រេចប្រចាំឆ្នាំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា។
អគ្គលេខាធិកាដ្ឋានព្រឹទ្ធសភា ទទួលខុសត្រូវធ្វើរបាយការណ៍ ថវិកាព្រឹទ្ធសភានៅរាល់៦ខែម្តង និងក្នុងរាល់ដំណាច់ឆ្នាំ និងដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាពិនិត្យ សម្រេច ក្រោយពីមានការវាយតម្លៃ និងសេចក្តីសន្និដ្ឋានពីគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ព្រមទាំងមានការចូលរួមពីតំណាងគណៈកម្មការនានារបស់ព្រឹទ្ធសភាផង លើកលែងតែរបាយការណ៍ទូទាត់ថវិការដំណច់ឆ្នាំ ក្រោយពីគណៈកម្មាធិការអចិន្ត្រៃយ៍ពិនិត្យសម្រេចហើយ ត្រូវបញ្ជូនទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីរៀបចំបញ្ចូលក្នុងសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋ។
អត្ថបទពាក់ព័ន្ធ ៖
តួនាទីភារកិច្ច និងសមត្ថកិច្ចព្រឹទ្ធសភា