ព្រឹទ្ធសភាចុះជួបផ្ទាល់ជាមួយអាជ្ញាធរមូលដ្ឋានស្រុកពួក ដើម្បីពង្រឹងការងារបម្រើប្រជាពលរដ្ឋ
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ដឹកនាំដោយ ឯកឧត្តម ប៉ុល លឹម ប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ នៅស្រុកពួក ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីតំណាងរដ្ឋបាលខេត្ត អាជ្ញាធរស្រុក ក្រុមប្រឹក្សាឃុំ ស្មៀន និងមន្ត្រីនគរបាលមូលដ្ឋាន សរុបចំនួន ១៥២ នាក់។

ពិធីនេះផ្តោតសំខាន់លើការពិភាក្សា និងផ្លាស់ប្តូរយោបល់លើប្រធានបទសំខាន់ៗក្នុងការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ជាពិសេស ការផ្តល់សេវាសាធារណៈ, ការងារអត្រានុកូលដ្ឋាន, ការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, ការរក្សាសណ្តាប់ធ្នាប់សាធារណៈ, ការទប់ស្កាត់អំពើអាណាចារ្យ គ្មានការជួញដូរមនុស្ស គ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍, ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងការថែរក្សាអនាម័យ បរិស្ថានល្អ និងការឆ្លើយតបទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ ។

នៅក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តមប្រធានក្រុម បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនដល់អាជ្ញាធរ និងប្រជាពលរដ្ឋខេត្តសៀមរាប។

តាមរយៈការឡើងរាយការណ៍របស់អភិបាលរងខេត្ត អភិបាលស្រុក មតិយោបល់របស់ក្រុមប្រឹក្សាឃុំ សង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងការពិភាក្សាផ្លាស់ប្តូរបទពិសោធន៍គ្នាយ៉ាងផុលផុស ឯកឧត្តមប្រធានក្រុម បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្ត ស្រុក និងក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាលឃុំ ដែលបានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងល្អប្រសើរចំពោះបញ្ហាប្រឈម និងសំណូមពរនានារបស់ដែលអាជ្ញាធរស្រុក ក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ បានលើកឡើង ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ នឹងរាយការណ៍ជូនថ្នាក់ដឹកនាំព្រឹទ្ធសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីលើកជាអនុសាសន៍ជម្រាបដល់ក្រសួង ស្ថាប័នពាក់ព័ន្ធធ្វើការដោះស្រាយ ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ