












ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ទាំង៧ នៃខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានកោតសរសើរ និងលើកទឹកចិត្តអាជ្ញាធរ និងប្រជាពលរដ្ឋ រួមគ្នារៀបចំសណ្តាប់ធ្នាប់ផ្លូវ និងសោភណភាពខណ្ឌពោធិ៍សែនជ័យ ហើយអជ្ញាធរនឹងជំរុញឱ្យបន្តរៀបចំសណ្តាប់ធ្នាប់ និងសោភណភាពក្នុងខណ្ឌនេះ។ ឯកឧត្តមបណ្ឌិត ក៏បានលើកទឹកចិត្តឱ្យស្រ្តី និងយុវជនចូលរួមឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់ឱ្យបានច្រើន និងស្នើគ្រប់គណបក្សនយោបាយទាំងអស់ ពិចារណាដាក់ពួកគាត់នៅលេខរៀងដែលអាចជាប់ឆ្នោតបាន សម្រាប់ការបោះឆ្នោត នាពេលខាងមុខ ដោយសង្ឃឹមជាវិជ្ជមានថា នឹងមាន ក្រុមប្រឹក្សាជាស្ត្រី នៅគ្រប់ឃុំ សង្កាត់ទាំងអស់ទូទាំងប្រទេស។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានឱ្យខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានគាប់ចិត្ត និងអភិវឌ្ឍមូលដ្ឋានដោយផ្តោតលើការងារអាទិភាពចំនួន៥ រួមមាន៖ សន្តិសុខ សេដ្ឋកិច្ច សង្គម ស្ថាបនា និងសោភ័ណភាព។ ឯកឧត្តមបណ្ឌិត បានស្នើឱ្យអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ប្រមើលមើការងារជាប្រយោជន៍របស់ប្រជាជន និងសហការគ្នាស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ព្រោះការធ្វើការងាររួមគ្នា នឹងជួយឱ្យការងារសម្រេចទៅបានរហ័ស និងមានប្រសិទ្ធភាព។
ឯកឧត្តមបណ្ឌិត ក៏បានបង្ហាញជំហគាំទ្រចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល និងប្រាសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងការដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ដោយសន្តិវិធី ផ្អែកលើនយោបាយការទូត និងច្បាប់អន្តរជាតិ និងប្រឹងប្រែងអភិវឌ្ឍសេដ្ឋកិច្ចដើម្បីជំរុញឱ្យកម្ពុជាសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនឆ្នាំ២០៣០ និង២០៥០។ ជាចុងក្រោយ ឯកឧត្តមបណ្ឌិត បានអំពាវនាវឱ្យប្រជាជនគ្រប់រូប កុំមានការរើសអើងគ្នា ដោយត្រូវខិតខំប្រឹងប្រែងរៀន និងប្រឹងប្រែងរក ដោយប្រែក្លាយបញ្ហាទៅជាឱកាស ដើម្បីកសាងគ្រួសារ និងសង្គម។
ខ្លឹមសារ៖ ខុទ្ទការល័យអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន