ព្រឹទ្ធសភារៀបចំសិក្ខាសាលាស្តីពី «ស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងមាគ៌ាឆ្ពោះទៅកាន់ឆ្នាំ២០៥០»
 
ចែករំលែក ៖

​នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ព្រឹទ្ធសភា បានរៀបចំសិក្ខាសាលាជាន់ខ្ពស់ស្តីពី «ស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងមាគ៌ាឆ្ពោះទៅកាន់ឆ្នាំ២០៥០» នៅវិមានសាមគ្គីភាព ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា ដោយមានអ្នកចូលរួមប្រមាណ ២៧០ រូប មកពីស្ថាប័នរដ្ឋ អង្គទូត សកលវិទ្យាល័យ និងវិស័យឯកជន ដើម្បីប្រមូលធាតុចូលសម្រេចចក្ខុវិស័យរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងការប្រែក្លាយកម្ពុជាជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។

​ក្នុងឱកាសនោះ តំណាងធនាគារពិភពលោក លោក គង់ ផល្លឹក និងលោក លី សូដេត បានកោតសរសើរការកាត់បន្ថយភាពក្រីក្រ និងភាពធន់សេដ្ឋកិច្ចកម្ពុជា ដែលទាក់ទាញ FDI បាន ៥,១ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ និងបង្កើតការងារបាន ៤០ម៉ឺនកន្លែង ខណៈកំណើនសេដ្ឋកិច្ចព្យាករថាមាន ៣,៩% នៅឆ្នាំ២០២៦ និង ៤,៩% នៅឆ្នាំ២០២៧។ ធនាគារពិភពលោកបានផ្តល់អនុសាសន៍ឱ្យពន្លឿនពិពិធកម្មនាំចេញ កាត់បន្ថយថ្លៃដើមកសិកម្ម និងវិនិយោគលើមូលធនមនុស្សមុនឆ្នាំ២០៤៣ ព្រមទាំងបន្តគាំទ្រ ២៣ គម្រោង ទំហំ ២ ពាន់លានដុល្លារ លើវិស័យអប់រំ STEM ការតភ្ជាប់របៀងសេដ្ឋកិច្ច និងភាពធន់កសិកម្ម។

​ជាមួយគ្នានេះ ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការ និង ឯកឧត្តម អ៊ុង លុយណា អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបញ្ជាក់ថា រដ្ឋាភិបាលនឹងបង្កើនថវិកាគាំពារសង្គម ក្រោមគោលការណ៍ «មិនបោះបង់ពលរដ្ឋណាម្នាក់» ដោយជំនួយសង្គមគ្របដណ្តប់ ៤,៨៦ លាននាក់ និងរបបសន្តិសុខសង្គមគ្របដណ្តប់ ៣,៧ លាននាក់។ រដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ លើការកសាងភាពធន់សេដ្ឋកិច្ច ខណៈពេលដោះស្រាយវិបត្តិចំពោះមុខធំៗ។ ជាក់ស្តែង រដ្ឋាភិបាលបានាកាត់បន្ថយពន្ធលើថ្លៃដឹកជញ្ជូនប្រេង វិនិយោគ និងពង្រីកការបណ្តុះបណ្តាល TVET  ដើម្បីបង្កើតកម្លាំងពលកម្មជំនាញ ១,៥ លាននាក់។

ជាកិច្ចបូកសរុប ឯកឧត្តម បណ្ឌិត ធន់ វឌ្ឍនា បានដាក់ចេញអនុសាសន៍អាទិភាព ៥ ចំណុច ដើម្បីតម្រង់ទិសឆ្ពោះទៅឆ្នាំ២០៥០ រួមមាន៖

១/ ការពិនិត្យឡើងវិញលើរបបពន្ធដោយយកពន្ធលើដីទំនេរទុកចោលមិនធ្វើកសិកម្ម និងបន្ថែមពន្ធលើស្រា និងថ្នាំជក់។
២/ ការវិនិយោគលើសមត្ថភាព ចំណេះដឹង ដោយផ្តោតលើការអប់រំ STEM សម្រាប់យុវជន និងភាសាអង់គ្លេសសម្រាប់កុមារ។
៣/ ការយកចិត្តទុកដាក់លើសុខភាពដោយលើកកម្ពស់ការបរិភោគត្រឹមត្រូវ មានអាហារូបត្ថម្ភ។
៤/ ការជំរុញ SMEs ដោសម្រួលនិងពង្រឹងការតភ្ជាប់ការដឹកជញ្ជូន និងកាត់បន្ថយចំណាយលើសេវាផ្សេងៗ ដែលធ្វើឱ្យតម្លៃដើមកាន់តែខ្ពស់សម្រាប់ផលិតករក្នុងស្រុក។
៥/ ការផ្តោតលើកសិកម្មដែលផ្តល់តម្លៃបន្ថែម ដូចជាការដាំកាហ្វេនិងកាកាវ ព្រមទាំងការរួមគ្នាជួយដល់ផលិតកម្មជី ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម។

អត្ថបទ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ