ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា កោតសរសើរ និងលើកទឹកចិត្តអាជ្ញាធរខណ្ឌ៧មករា ក្នុងការរៀបចំសេដ្ឋកិច្ចឌឿងហែម
 
ចែករំលែក ៖

ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់នៃខណ្ឌ៧មករា នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នៅវិមានព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) បានសម្តែងនូវការកោតសរសើរចំពោះអាជ្ញាធរខណ្ឌ៧មករា ដែលមានគំនិតច្នៃប្រឌិតក្នុងការរៀបចំសេដ្ឋកិច្ចឌឿងហែម ដោយរួមមានទាំងការលក់ដូរម្ហូបអាហារមានរសជាតិឆ្ងាញ់ អនាម័យល្អ និងមានតម្លៃសមរម្យ។

ឯកឧត្តមបណ្ឌិត បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានបន្តធានាសុវត្ថិភាពនិងភាពសុខសាន្តជូនប្រជាពលរដ្ឋ ព្រមទាំងគ្រប់គ្រងការសាងសង់ និងហេដ្ឋារចនាសម្ព័ន្ធឱ្យមានសណ្តាប់ធ្នាប់ត្រឹមត្រូវ ជាពិសេសរួមគ្នាកម្ចាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ឱ្យបានជាអតិបរមា។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធឱ្យបន្តបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងជំរុញការផ្សព្វផ្សាយ និងសម្រួលដល់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបបានប្រើប្រាស់សិទ្ធិបោះឆ្នោតយ៉ាងទូលំទូលាយ។

ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ