














ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ (ខេត្តព្រៃវេង និងខេត្តស្វាយរៀង) ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម បានលើកឡើងពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នាពេលខាងមុខ ត្រូវមានស្រ្តីឈរឈ្មោះ និងមានលទ្ធភាពជាប់ឆ្នោតគ្រប់ឃុំ សង្កាត់ ទូទាំងប្រទេស ជាពិសេសថ្នាក់ដឹកនាំស្ត្រីនៃថ្នាក់ក្រោមជាតិ មានឱកាសផ្លាស់ប្តូរមតិយោបល់ និងចែករំលែកបទពិសោធន៍ល្អៗពីគ្នាទៅវិញទៅមកសំដៅរួមគ្នាលើកកម្ពស់គុណភាពសេវាសាធារណៈនៅតាមមូលដ្ឋានឱ្យកាន់តែល្អប្រសើរ ក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ មកពីស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ មាន សំអាន ប្រធានក្រុម បាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនចំពោះអាជ្ញាធរ ខេត្ត ស្រុក ឃុំ សង្កាត់ បងប្អូនប្រជាពលរដ្ឋ និងបានវាយតម្លៃខ្ពស់ការលើកឡើងរបស់អាជ្ញាធរស្រុក ឃុំ ចំពោះការយកចិត្តទុកដាក់ និងប្រយោជន៍ប្រជាពលរដ្ឋមូលដ្ឋាន ក្នុងការជួយសម្រាលការលំបាក ការប្រឈមរបស់ ប្រជាពលរដ្ឋនៅទូទាំងស្រុក។
ពីធីសំណេះសំណាលនាឱកាសនេះ ដើម្បីជួបផ្ទាល់ជាមួយអង្គបោះឆ្នោតដែលជាក្រុមប្រឹក្សាឃុំ សង្កាត់ ចែករំលែកព័ត៌មានពីគ្នាទៅវិញទៅមក ស្វែងយល់អំពីការអនុវត្តតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ស្វែងយល់ផែនការឆ្ពោះទៅការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ ស្តាប់ដោយផ្ទាល់អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម សំណូមពរ ឬតម្រូវការជាអាទិភាពទិសដៅ និងលទ្ធផល នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ឆ្នាំ២០២២-២០២៧ ដែលឃុំសង្កាត់នីមួយៗ បានដាក់ចេញកន្លងមក។
លោកជំទាវ បានជម្រាបអំពីប្រវត្តិ រចនាសម្ព័ន្ធ និងតួនាទីភារកិច្ចរបស់ព្រឹទ្ធសភា ព្រមទាំងរាយកាណ៍អំពីសមទ្ធិផលសំខាន់ៗព្រឹទ្ធសភា ជូនអាជ្ញាធរខេត្ត ស្រុក និងក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអង្គបោះឆ្នោតរបស់ខ្លួន។
ជាទីបញ្ចប់ លោកជំទាវ បានបញ្ជាក់ថា ចំពោះសំណើ សំណូមពរ ដែលបានលើកឡើងរបស់ក្រុមប្រឹក្សាឃុំ ដែលហួសពីដែនសមត្ថកិច្ចស្រុក និងខេត្ត ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ និងដកស្រង់ធ្វើរបាយការណ៍ ជូនគណៈកម្មាធិការ អចិន្រ្តៃយ៍ព្រឹទ្ធសភា និងស្នើសុំគោលការណ៍ឯកភាពពីថ្នាក់ដឹកនាំព្រឹទ្ធសភា ដើម្បីធ្វើសំណើទៅក្រសួង ស្ថាប័នពាក់ព័ន្ធនានា ដើម្បីជួយដោះស្រាយទៅតាមជំនាញនីមួយៗ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន