







នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា និងជានាយកខុទ្ទកាល័យសម្តេចតេជោ ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យ លោក NAGASE Kensuke អនុប្រធានបេសកកម្ម នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិត បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងសាទរចំពោះ ភាពជោគជ័យនៃបេសកកម្មការទូតរបស់ លោក NAGASE Kensuke នៅកម្ពុជា។
នាឱកាសនោះ លោក NAGASE Kensuke បានថ្លែងអំណរគុណចំពោះ ឯកឧត្តមបណ្ឌិត ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យលោក និងសហការី បានចូលជួបសម្តែងការគួរសម និងជម្រាបលា ជាពិសេសកិច្ចសម្របសម្រួល និងការគាំទ្ររបស់ ឯកឧត្តមបណ្ឌិត ក្នុងការពង្រឹងទំនាក់ទំនងរវាងទ្វេភាគី កម្ពុជា-ជប៉ុន។ លោក NAGASE Kensuke បានបន្តគូសបញ្ជាក់អំពីសមិទ្ធផលធំៗជាច្រើនដែលសម្រេចបាន នាឱកាសនៃការបំពេញបេសកកម្មការទូតរបស់លោកនៅកម្ពុជាកន្លងមកនេះ និងវាយតម្លៃខ្ពស់ ប្រកបដោយសុទិដ្ឋិនិយម ចំពោះការរីកចម្រើនជាបន្តបន្ទាប់នៃទំនាក់ទំនងប្រទេសយើងទាំងពីរ ក្នុងរយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយនេះ។ ភាពរីកចម្រើនទាំងនេះ គឺកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងថ្នាក់ដឹកនាំ រដ្ឋាភិបាល និងវិស័យឯកជន ជាពិសេសទំនាក់ទំនងជិតស្និទ្ធរវាងស្ថានទូតជប៉ុន និងព្រឹទ្ធសភាកម្ពុជា។
ជាកិច្ចឆ្លើយតប ឯកឧត្តមបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម និងសមិទ្ធផលសម្រេចបាន ក្នុងការរួមចំណែកលើកកម្ពស់ និងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងកម្ពុជា-ជប៉ុន លើគ្រប់វិស័យ ដែលបានបន្តផ្តល់ផលប្រយោជន៍ដល់ប្រទេស និងប្រជាជនយើងទាំងពីរ ព្រមទាំងចំពោះការផ្លាស់ប្តូរយោបល់ ប្រកបដោយភាពស្មោះត្រង់អំពីស្ថានភាពនៅក្នុងតំបន់ និងពិភពលោក នាពេលកន្លងមក។ ឯកឧត្តមបណ្ឌិត យ៉ាងមុតមាំថា លោក NAGASE Kensuke នឹងបន្តនឹករលឹកពីប្រទេសកម្ពុជា ជាពិសេសគំនិតផ្តួចផ្តើម សមិទ្ធផលជាផ្កែផ្កា និងអនុស្សាវរីយ៍ល្អៗជាច្រើន ដែលលោកបានចូលរួមចំណែកកសាងនៅកម្ពុជាក្នុងអាណត្តិបេសកកម្មការទូតរបស់លោក តួយ៉ាងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ទឹកស្អាត ការអភិវឌ្ឍធនធានមនុស្ស សន្តិសុខ និងការពារជាតិ ជាដើម ។
ជាចុងបញ្ចប់ តាងនាមគណៈកម្មការទី៥ព្រឹទ្ធសភា និងខុទ្ទកាល័យសម្តេចតេជោ ប្រធានព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត បានជូនពរ លោក NAGASE Kensuke ទទួលបានជោគជ័យក្នុងភារកិច្ច និងបេសកកម្មតួនាទីថ្មីរបស់លោក នាពេលខាងមុខ។
ខ្លឹមសារ៖ ខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន