









សៀមរាប៖ នៅថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានស្ដីទីព្រឹទ្ធសភា និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ សមាជិកព្រឹទ្ធសភា បានអញ្ជើញទស្សនកិច្ចសិប្បកម្មកែច្នៃកាកាវ (WAT CHOCOLATE) ដើម្បីសិក្សាស្វែងយល់អំពីដំណើរការកែច្នៃគ្រាប់កាកាវ និងការផលិតសូកូឡា ព្រមទាំងស្វែងយល់ពីការបង្កើតតម្លៃបន្ថែមលើផលិតផលកសិកម្មក្នុងស្រុក។
ក្ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត និងព្រះអង្គម្ចាស់ បានសិក្សាអំពីខ្សែសង្វាក់ផលិតកម្ម ចាប់ពីការជ្រើសរើសគ្រាប់កាកាវ ការកែច្នៃ ការគ្រប់គ្រងគុណភាព រហូតដល់ការវេចខ្ចប់ជាផលិតផលសម្រេច។ ដំណើរការនេះបានបង្ហាញពីសារៈសំខាន់នៃការកែច្នៃក្នុងស្រុក ក្នុងការបង្កើនតម្លៃផលិតផល និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កាកាវកម្ពុជា។
ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់វិស័យឯកជនក្នុងការអភិវឌ្ឍផលិតផលកសិកម្ម និងបានលើកទឹកចិត្តឱ្យមានការពង្រឹងកិច្ចសហការរវាង កសិករ អ្នកកែច្នៃ វិស័យឯកជន អ្នកស្រាវជ្រាវ និងស្ថាប័នពាក់ព័ន្ធ ដើម្បីបង្កើតខ្សែច្រវាក់តម្លៃកាកាវដែលមានគុណភាព និងស្តង់ដារខ្ពស់។
ការទស្សនកិច្ចនេះ ជាផ្នែកមួយនៃការសិក្សាស្វែងយល់ពីសក្តានុពល និងការអនុវត្តជាក់ស្តែងក្នុងវិស័យកាកាវ ដើម្បីជាមូលដ្ឋានសម្រាប់ចូលរួមជំរុញ ការផលិត ការកែច្នៃ ការបង្កើតផលិតផលមានតម្លៃបន្ថែម និងការពង្រីកទីផ្សារ សំដៅបង្កើនប្រាក់ចំណូលជូនកសិករ និងលើកកម្ពស់ផលិតផលកម្ពុជាឱ្យមានសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារក្នុងស្រុក និងអន្តរជាតិ។
ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្ដមអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន