





















នាព្រឹកថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសរាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលភក្តីវិក្រម៣ ព្រឹទ្ធសភា គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន(គណៈកម្មការទី៥) ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការ សហការជាមួយ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា (គណៈកម្មការទី៦) ដឹកនាំដោយ លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការ បានអញ្ជើញជួបប្រជុំពិភាក្សា ជាមួយឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ តំណាងរាជរដ្ឋាភិបាល និង លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (កបសអ) និងសហការី លើ ១. សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារសេប៊ូធ្វើវិសោធនកម្មធម្មនុញ្ញ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ពិធីសារសេប៊ូ)
២. សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិនៃលេខាធិការដ្ឋាន បុគ្គលិក និងតំណាងរបស់សមាជិកនៃសន្និសីទ ស្តីពីអន្តរសកម្មភាពនិងវិធានការកសាងទំនុកចិត្តនៅអាស៊ី (អនុសញ្ញាស៊ីកា)។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តម លោកជំទាវ អនុប្រធាន លេខាធិការ និងសមាជិកគណៈកម្មការនានាព្រឹទ្ធសភា ពីថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌ និង កបសអ ព្រមទាំងមន្ត្រីខុទ្ទកាល័យសម្តេចតេជោប្រធានព្រឹទ្ធសភា អគ្គនាយក និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។
កិច្ចប្រជុំនេះ បានពិនិត្យ និងពិភាក្សាយ៉ាងផុសផុល លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ “ពិធីសារសេប៊ូ” និង “អនុសញ្ញាស៊ីកា” ដែលជាឧបករណ៍ផ្លូវច្បាប់ដ៏មានសារសំខាន់សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិ។
កិច្ចប្រជុំពិភាក្សានេះ បានប្រព្រឹត្តទៅដោយរលូនតាមរបៀបវារៈដែលបានគ្រោងទុក ក្នុងស្មារតីទទួលខុសត្រូវខ្ពស់។
ប្រភពខ្លឹមសារ៖ ការិ.ជំនួយគណៈកម្មការទី៥
ប្រភពរូបភាព៖ នាយកដ្ឋានព័ត៌មាន