






នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំប្រចាំខែខុទ្ទកាល័យ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងកំណត់ទិសដៅអនុវត្តបន្ត ដោយផ្តោតលើការលើកកម្ពស់ការស្រាវជ្រាវ ការសរសេរអត្ថបទវិទ្យាសាស្ត្រ និងមាតិកាព័ត៌មាន ដោយសហការជាមួយសាកលវិទ្យាល័យនានាទៅតាមជំនាញ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន និងរួមចំណែកជាមូលដ្ឋានចំណេះដឹងសម្រាប់សង្គម។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតបានណែនាំឱ្យក្រុមការងារយកចិត្តទុកដាក់លើប្រធានបទស្រាវជ្រាវសំខាន់ៗ ដូចជា វិស័យកាហ្វេនៅកម្ពុជា ធនាគារ កសិកម្ម ឧស្សាហកម្ម សេវាកម្ម សេដ្ឋកិច្ច សង្គម កិច្ចការជាតិ និងបញ្ហាដែលសាធារណជនកំពុងយកចិត្តទុកដាក់។
បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតបានផ្តល់អនុសាសន៍ឱ្យក្រុមការងារយកចិត្តទុកដាក់លើគុណភាពនៃអត្ថបទ ដោយត្រូវកំណត់បញ្ហាឱ្យបានច្បាស់ ប្រើប្រាស់ទិន្នន័យ និងប្រភពព័ត៌មានដែលអាចទុកចិត្តបាន វិភាគដោយមានមូលដ្ឋាន និងបង្ហាញទស្សនៈស្ថាបនា ដើម្បីឱ្យអត្ថបទមានតម្លៃប្រើប្រាស់ជាក់ស្តែងទាំងផ្នែកចំណេះដឹង និងការផ្សព្វផ្សាយជាសាធារណៈ។
ជាចុងក្រោយ ឯកឧត្តមបណ្ឌិតបានលើកទឹកចិត្តមន្ត្រីទាំងអស់បន្តចែករំលែកចំណេះដឹង ព្រមទាំងរក្សាសាមគ្គីភាព ស្មារតីទទួលខុសត្រូវ និងកិច្ចសហការល្អក្នុងក្រុម ដើម្បីឱ្យការងារស្រាវជ្រាវ និងការផ្សព្វផ្សាយទទួលបានលទ្ធផលល្អ និងមានប្រយោជន៍សម្រាប់សង្គម។
ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្ដមអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន