


នៅក្រុងបាគូ៖ នាថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Tahir BUDAGOV ប្រធានអាជ្ញាធរប្រតិបត្តិស្រុក Nasimi ក្នុងទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់។ នៅក្នុងជំនួបនោះ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការបន្តពង្រឹងមិត្តភាព និងភាពជាដៃគូលើកិច្ចការព័ត៌មាន ការទូត និងអាហារូបករណ៍សម្រាប់និស្សិតកម្ពុជា។
ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ក៏បាននាំនូវការផ្តាំសួរសុខទុក្ខរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះប្រធានាធិបតី Ilham ALYEV និងឯកឧត្តម Tahir BUDAGOV។ ជាមួយគ្នានោះ ឯកឧត្តម Tahir BUDAGOV ក៏បានផ្តាំសួរសុខទុក្ខចំពោះ សម្តេចតេជោ ហ៊ុន សែន និងបានលើកពីដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជាក្នុងខែកក្កដា ឆ្នាំ២០២៣ ដែលពេលនោះ លោកបានជួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន និងបានចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត។ ឯកឧត្តម Tahir BUDAGOV ក៏បានរំលឹកផងដែរអំពីការចូលរួមរបស់គណៈប្រតិភូកម្ពុជាក្នុងកិច្ចប្រជុំលើកទី៤ នៃសន្និសីទអន្តរជាតិស្តីពីគណបក្សនយោបាយអាស៊ី (ICAPP) ដែលធ្វើឡើងនៅទីក្រុងបាគូ កាលពីខែតុលាកន្លងមក ដែលនេះបានបង្ហាញពីទំនាក់ទំនងជិតស្និទ្ធក្នុងក្របខ័ណ្ឌបក្សនយោបាយ និងមិត្តភាពនៃប្រទេសទាំងពីរ។
ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ក៏បានស្នើ ឯកឧត្តម Tahir Budagov ពិចារណាចូលរួមជាអ្នកសង្កេតការណ៍ដំណើរការបោះឆ្នោតនៅកម្ពុជា នាឆ្នាំ២០២៧ និងឆ្នាំ២០២៨ ខាងមុខ។
ប្រភព៖ ខុទ្ទកាល័យឯកឧត្តម អនុប្រធានទី២ព្រឹទ្ធសភា