


















កិច្ចពិភាក្សាទូទៅនៅថ្ងៃទី២ នៃសន្និសីទប្រធានសភាអន្តរសភា លើកទី២ (ISC-2) ក្រោមមូលបទ៖ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី» ត្រូវបានបន្តដឹកនាំដោយ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម SYED Yousaf Raza Gilani ប្រធានស្ថាបនិក ISC និងជាប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន។
កិច្ចពិភាក្សានៅថ្ងៃនេះ មានការឡើងថ្លែងសុន្ទរកថាពិសេស ដោយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការអនុម័តសេចក្តីប្រកាសទីក្រុងភ្នំពេញ ដែលជាឯកសារសំខាន់បង្ហាញពីការប្តេជ្ញាចិត្តរួមរបស់សភានៃបណ្តាប្រទេសចូលរួម ក្នុងការលើកកម្ពស់សន្តិភាព សន្តិសុខ កិច្ចសហប្រតិបត្តិការ និងការគោរពច្បាប់អន្តរជាតិ។
កិច្ចពិភាក្សានេះ ប្រព្រឹត្តទៅនៅសាលសន្និសីទ នៃអគ្គនាយកដ្ឋានពន្ធដារ នាព្រឹកថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។
ប្រភព៖ នាយកដ្ឋានព័ត៌មាន