







នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានអនុញ្ញាតឱ្យក្រុមការងារមន្ទីរពេទ្យសត្វ SUNNY ដឹកនាំដោយបណ្ឌិត Tomoki Chimura ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីការលើកកម្ពស់ការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងជំនាញវិជ្ជាជីវៈក្នុងវិស័យពេទ្យសត្វនៅកម្ពុជា។
ក្នុងជំនួបនេះ ភាគីជប៉ុនបានចែករំលែកបទពិសោធន៍ និងជំនាញផ្នែកវេជ្ជសាស្រ្ដសត្វ ព្រមទាំងបង្ហាញបំណងបន្តផ្ទេរចំណេះដឹង និងបច្ចេកទេសជាក់ស្តែងដល់និស្សិត និងអ្នកជំនាញកម្ពុជា ជាពិសេសលើការថែទាំ និងព្យាបាលសត្វចិញ្ចឹម តាមរយៈវគ្គបណ្តុះបណ្តាល សិក្ខាសាលា និងការផ្លាស់ប្តូរបទពិសោធន៍រវាងសាស្ត្រាចារ្យ និស្សិត និងអ្នកជំនាញកម្ពុជា-ជប៉ុន។
ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានសម្តែងការគាំទ្រ និងលើកទឹកចិត្តឱ្យមន្ទីរពេទ្យសត្វ SUNNY និងវិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប បន្តជំរុញការអនុវត្តអនុស្សរណៈយោគយល់ឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលជាក់ស្តែង ជាពិសេសការបង្កើនឱកាសឱ្យនិស្សិតបានអនុវត្ត ពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងទទួលបានចំណេះដឹង និងបច្ចេកទេសពីអ្នកជំនាញជប៉ុន។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតបានគាំទ្រឱ្យមានការបន្តអភិវឌ្ឍកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន និងអ្នកជំនាញនៃប្រទេសទាំងពីរ តាមរយៈការរៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលា ការផ្លាស់ប្តូរអ្នកជំនាញ និងការចែករំលែកបទពិសោធន៍ជាក់ស្តែង ដើម្បីរួមចំណែកលើកកម្ពស់គុណភាព និងសមត្ថភាពវិជ្ជាជីវៈក្នុងវិស័យពេទ្យសត្វនៅកម្ពុជា។
ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តម អនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន