










ទីក្រុងស៊ូសា ប្រទេសអាស៊ែបៃហ្សង់៖ នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា និងជាសមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា បានអញ្ជើញធ្វើទស្សនកិច្ចនៅទីក្រុងស៊ូសា (Shusha) ក្នុងតំបន់ Karabakh។ ដំណើរទស្សនកិច្ចនេះ មានការចូលរួមពីតំណាងសភា រដ្ឋាភិបាល គណបក្សនយោបាយ ស្ថាប័នស្រាវជ្រាវ និងស្ថាប័នផ្សព្វផ្សាយព័ត៌មាន មកពីបណ្តាប្រទេសចំនួន១៥។
ប្រវត្តិនៃការតស៊ូដណ្តើមអធិបតេយ្យភាពរបស់អាស៊ែបៃហ្សង់៖
សូមរំលឹកថា តំបន់ Karabakh ធ្លាប់បានស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសអាមេនី បន្ទាប់ពីសង្គ្រាមវាយដណ្តើមកាន់កាប់លើកទី១ (១៩៨៨-១៩៩៤)។ ក្រោយមក អាស៊ែបៃហ្សង់ បានធ្វើការតវ៉ាការទូតជាបន្តបន្ទាប់ រហូតទទួលបានសេចក្តីសម្រេចចិត្តចំនួន ៤ដង ពីអង្គការសហប្រជាជាតិ (UN) ដែលតម្រូវឱ្យអាមេនីប្រគល់តំបន់ Karabakh នេះមកឱ្យអាស៊ែបៃហ្សង់វិញ ប៉ុន្ដែអាមេនីមិនបានអនុវត្តតាមសេចក្តីសម្រេចនោះឡើយ។
រហូតដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ អាស៊ែបៃហ្សង់បានសម្រេចចិត្តវាយដណ្តើមកាន់កាប់តំបន់នេះត្រឡប់មកវិញដោយជោគជ័យ និងបានចុះកិច្ចព្រមព្រៀងឈប់បាញ់នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។ អាស៊ែបៃហ្សង់ បានឈានទៅគ្រប់គ្រងតំបន់ Karabakh ទាំងស្រុងវិញពេញលេញនៅឆ្នាំ២០២៣។ ជុំវិញជោគជ័យនេះ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានកោតសរសើរយ៉ាងខ្លាំងចំពោះការតស៊ូអស់រយៈពេល ២៩ឆ្នាំ របស់ថ្នាក់ដឹកនាំ និងប្រជាជនអាស៊ែបៃហ្សង់។
ក្នុងឱកាសទស្សនកិច្ចនោះដែរ ឯកឧត្តមបណ្ឌិត បានចែករំលែកអំពីស្ថានភាពជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ទៅតំណាងសភា និងគណបក្សនយោបាយមកពីបណ្តាប្រទេសនានា ដោយបានបញ្ជាក់ថា ដែនអធិបតេយ្យភាពរបស់កម្ពុជាជាប់ព្រំដែនជាមួយថៃ ក៏ត្រូវបានថៃចូលកាន់កាប់ដោយកម្លាំងយោធា ក្រោយមានបទឈប់បាញ់គ្នាចូលជាធរមាន ប៉ុន្ដែកម្ពុជា រក្សាការអត់ធ្មត់ និងបើកចំហក្នុងការដោះស្រាយជម្លោះ តាមរយៈយន្តការអន្តរជាតិ និងការសម្របសម្រួលផ្អែកលើច្បាប់អន្តរជាតិ។ ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ក៏បញ្ជាក់ជូនមិត្តភក្ដិបន្ថែមថា កម្ពុជា ជ្រើសរើសយកការសម្រសម្រួលដោយបង្ខំជាមួយប្រទេសថៃក្នុងការដោះស្រាយព្រំដែនសមុទ្រ ស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) និងថាកន្លងមក កម្ពុជាព្យាយាមដោះស្រាយជម្លោះលើអធិបតេយ្យភាពតាមរយៈតុលាការយុត្តិធម៌អន្តរជាតិ (International Court of Justice-ICJ)។
ប្រភព៖ ខុទ្ទកាល័យឯកឧត្តម អនុប្រធានទី២ព្រឹទ្ធសភា