ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា និងឯកឧត្តម Tahir BUDAGOV បានពិភាក្សាពីការពង្រឹងមិត្តភាព និងភាពជាដៃគូលើកិច្ចការព័ត៌មាន និងការទូត
 
ចែករំលែក ៖

នៅក្រុងបាគូ៖ នាថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Tahir BUDAGOV ប្រធានអាជ្ញាធរប្រតិបត្តិស្រុក Nasimi ក្នុងទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់។ នៅក្នុងជំនួបនោះ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការបន្តពង្រឹងមិត្តភាព និងភាពជាដៃគូលើកិច្ចការព័ត៌មាន ការទូត និងអាហារូបករណ៍សម្រាប់និស្សិតកម្ពុជា។

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ក៏បាននាំនូវការផ្តាំសួរសុខទុក្ខរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​ នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះប្រធានាធិបតី Ilham ALYEV និងឯកឧត្តម Tahir BUDAGOV។ ជាមួយគ្នានោះ ឯកឧត្តម Tahir BUDAGOV ក៏បានផ្តាំសួរសុខទុក្ខចំពោះ សម្តេចតេជោ ហ៊ុន សែន និងបានលើកពីដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជាក្នុងខែកក្កដា ឆ្នាំ២០២៣ ដែលពេលនោះ លោកបានជួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន និងបានចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត។ ឯកឧត្តម Tahir BUDAGOV ក៏បានរំលឹកផងដែរអំពីការចូលរួមរបស់គណៈប្រតិភូកម្ពុជាក្នុងកិច្ចប្រជុំលើកទី៤ នៃសន្និសីទអន្តរជាតិស្តីពីគណបក្សនយោបាយអាស៊ី (ICAPP) ដែលធ្វើឡើងនៅទីក្រុងបាគូ កាលពីខែតុលាកន្លងមក ដែលនេះបានបង្ហាញពីទំនាក់ទំនងជិតស្និទ្ធក្នុងក្របខ័ណ្ឌបក្សនយោបាយ និងមិត្តភាពនៃប្រទេសទាំងពីរ។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ក៏បានស្នើ ឯកឧត្តម Tahir Budagov ពិចារណាចូលរួមជាអ្នកសង្កេតការណ៍ដំណើរការបោះឆ្នោតនៅកម្ពុជា នាឆ្នាំ២០២៧ និងឆ្នាំ២០២៨ ខាងមុខ។

ប្រភព៖ ខុទ្ទកាល័យ​ឯកឧត្តម អនុប្រធាន​ទី២ព្រឹទ្ធសភា​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ