




























ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងវេទិកាពិភាក្សាការងាររវាងក្រុមសមាជិកាព្រឹទ្ធសភា និងសមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់ខេត្តកណ្តាល នៅវិមានសាមគ្គីភាព ព្រឹទ្ធសភា នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា បានលើកឡើងថា កម្ពុជាទទួលបានជោគជ័យក្នុងការការពារបូរណភាពទឹកដី តាមផ្នែកការទូតសភា នៅលើឆាកអន្តរជាតិ។
ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា គណៈកម្មការនយោបាយនៃមហាសន្និបាតសភាប្រើភាសាបារាំង (APF) បានចេញសេចក្តីសម្រេចជាប្រវត្តិសាស្ត្រ គាំទ្រនិងគោរពអធិបតេយ្យភាព ព្រមទាំងបូរណភាពដែនដីរបស់កម្ពុជា ក្នុងទំនាស់ព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តមបណ្ឌិត សង្កត់ធ្ងន់ថា នេះគឺជាជោគជ័យធំ និងជាការផ្តល់យុត្តិធម៌ដ៏ពិតប្រាកដដល់កម្ពុជា ដែលធ្លាប់រងការរំលោភបំពាន។
ទន្ទឹមនឹងការរំលេចនូវសមិទ្ធផលការទូតដ៏ឆ្នើមនេះ ឯកឧត្តមបណ្ឌិត អនុប្រធានទី២ ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ថ្នាក់ដឹកនាំជានារីនៅថ្នាក់មូលដ្ឋាន ដោយបានប្រសាសន៍ថា៖ «សេវាសាធារណៈគឺជាប្រយោជន៍ប្រជាជន ហើយប្រជាជនវាយតម្លៃខ្ពស់ចំពោះមន្ត្រី នៅពេលដែលការផ្តល់សេវារហ័ស តម្លាភាព និងត្រឹមត្រូវ»។ ឯកឧត្តមបណ្ឌិត បន្ថែមថា សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ គឺជាតួអង្គស្នូលសំខាន់ក្នុងការផ្តល់សេវាសាធារណៈបានទាន់ពេលវេលា និងប្រកបដោយបរិយាបន្ន ជាពិសេសសម្រាប់ស្ត្រី កុមារ មនុស្សចាស់ និងពិការ»។
វេទិកានេះបានប្រព្រឹត្តទៅក្រោមបរិយាកាសស្និទ្ធស្នាល និងបើកចំហ ដោយបានផ្តល់ឱកាសឱ្យថ្នាក់ដឹកនាំជាស្ត្រីនៃស្ថាប័នព្រឹទ្ធសភា និងថ្នាក់ក្រោមជាតិ បានផ្លាស់ប្តូរមតិយោបល់ និងចែករំលែកបទពិសោធន៍ល្អៗពីគ្នាទៅវិញទៅមក សំដៅរួមគ្នាលើកកម្ពស់គុណភាពសេវាសាធារណៈនៅតាមមូលដ្ឋានឱ្យកាន់តែល្អប្រសើរ។
ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន