






នាព្រឹកថ្ងៃអង្គារ ១៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ព្រមទាំងសមាជិកសមាជិកាព្រឹទ្ធសភា អញ្ជើញជួបសម្តែងការគួរសម និងសាកសួរសុខទុក្ខសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ដល់គេហដ្ឋានក្នុងខណ្ឌចំការមន។
ក្នុងឱកាសដ៏ស្និទ្ធស្នាលនោះ ឯកឧត្តមបណ្ឌិត ព្រមទាំងសមាជិកសមាជិកា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ព្រមទាំងបានសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចពញាចក្រី ដែលជានិច្ចកាលសម្តេចតែងតែលះបង់កម្លាំងកាយចិត្ត ប្រជ្ញាស្មារតី ក្នុងបេសកកម្មបម្រើប្រទេសជាតិ និងប្រជាជន។ ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិតក៏បានជូនពរជ័យសិរីសួស្តី វិបុលសុខគ្រប់ប្រការ ជូនដល់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្ដេច ធម្មវិសុទ្ធវង្សា ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ ដើម្បីបន្តនៅជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់កូនចៅ។
ជាការឆ្លើយតប សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្ដេចធម្មវិសុទ្ធវង្សា ព្រមទាំងក្រុមគ្រួសារ បានសម្តែងនូវសេចក្តីរំភើបរីករាយ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះថ្នាក់ដឹកនាំកំពូលទាំងឡាយ ដែលតែងតែយកចិត្តទុកដាក់សាកសួរសុខទុក្ខរូបលោក និងក្រុមគ្រួសារជាប់ជាប្រចាំមិនដែលខានឡើយ៕
ខ្លឹមសារ៖ ខុទ្ទការល័យឯកឧត្តម អនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន