គណៈប្រតិភូគណៈកម្មការទី៩ នៃព្រឹទ្ធសភា អញ្ជើញចុះទស្សនកិច្ចសិក្សានៅទំនប់វារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោម
 
ចែករំលែក ៖

នាព្រឹកថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១០:៣០នាទី គណៈប្រតិភូគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រែសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា (គណៈកម្មការទី៩) ដឹកនាំដោយ ឯកឧត្តម អ៊ុ សារឹទ្ធ ប្រធានគណៈកម្មការ ដោយមានការអមដំណើរពី ឯកឧត្តម ប៊ុន ណារិទ្ធ រដ្ឋលេខាធិការនៃក្រសួងរ៉ែ និងថាមពល បានអញ្ជើញចុះទស្សនកិច្ចនៅទំនប់វារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោម ស្ថិតក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ក្នុងឱកាសនោះ គណៈប្រតិភូត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោក You Yaun sheng អគ្គនាយកក្រុមហ៊ុនទំនប់វារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោម និងសហការី។
គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចនេះគឺ៖
-ពិនិត្យ និងសិក្សាឈ្វេងយល់ពីដំណើរការផលិតថាមពលអគ្គិសនី ការគ្រប់គ្រងនិងការអភិវឌ្ឍប្រភពថាមពលស្អាត
-វាយតម្លៃផលប៉ះពាល់ និងប្រសិទ្ធភាព៖ តាមដានការអនុវត្តលិខិតបទដ្ឋានគតិយុត្តបច្ចេកទេស បរិស្ថាន ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។
-គាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល៖ ប្រមូលព័ត៌មាន និងធាតុចូលសំខាន់ៗសម្រាប់គាំទ្រដល់ការងារនីតិកម្ម និងការតាមដានការអនុវត្តច្បាប់។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ