











នារសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលភក្តីវិក្រម៣ នៃវិមានព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានស្តីទីព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំជាមួយក្រុមនានាព្រឹទ្ធសភា និងបានជំរុញឱ្យបន្តត្រួតពិនិត្យវឌ្ឍនភាពការងារនីតិកម្ម លើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងលើកកម្ពស់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ឱ្យមានប្រសិទ្ធភាពឆ្លើយតបគោលដៅអភិវឌ្ឍន៍ជាតិឆ្នាំ២០៥០។
ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់លើការកំណត់ឱ្យបានច្បាស់លាស់នូវលិខិតបទដ្ឋានគតិយុត្តដែលមានស្រាប់ក្នុងការគាំទ្រការអនុវត្តច្បាប់ និងឯកសារដែលត្រូវបន្តជំរុញឱ្យធ្វើបន្ត ដូចជា អនុក្រឹត្យ ប្រកាសរបស់ក្រសួងសាមី ប្រកាសអន្តរក្រសួង និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ព្រមទាំងពិភាក្សាលើនីតិវិធីនៃការផ្ញើលិខិតផ្លូវការទៅកាន់ភាគីពាក់ព័ន្ធ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងធានាឱ្យបាននូវការឆ្លើយតបទាន់ពេលវេលា។
ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ពីសារៈសំខាន់នៃការផ្សព្វផ្សាយព័ត៌មាន និងទំនាក់ទំនងសាធារណៈ ព្រមទាំងជំរុញឱ្យបង្កើនកិច្ចសហការជាមួយស្ថាប័នសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងការចូលរួមផ្តល់កិច្ចសម្ភាសន៍ ក៏ដូចជាសរសេរជាអត្ថបទផ្សាយក្នុងកាសែត និងទស្សនាវដ្តី ដើម្បីផ្សព្វផ្សាយព័ត៌មានពិតឱ្យទូលំទូលាយ លើឆាកអន្តរជាតិ។ ជាចុងក្រោយ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានកោតសរសើរចំពោះការចូលរួមយ៉ាងសកម្មរបស់សមាជិកព្រឹទ្ធសភា ព្រមទាំងបានយល់ស្របលើការរៀបចំយន្តការបន្តក្នុងការត្រួតពិនិត្យលិខិតបទដ្ឋានគតិយុត្តគាំទ្រច្បាប់ និងការបន្តដោះស្រាយរាល់កង្វល់បម្រើផលប្រយោជន៍ប្រជាពលរដ្ឋជាពិសេសកង្វល់ដែលលើកឡើងដោយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់។
ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្ដមអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន