ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា អនុញ្ញាតឱ្យទីប្រឹក្សា និងប្រធានសាខាបក្សក្នុង និងក្រៅប្រទេស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
 
ចែករំលែក ៖

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១០:៣០នាទីព្រឹក ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានអនុញ្ញាតឱ្យក្រុមការងារបក្សក្នុង និងក្រៅប្រទេស ដឹកនាំដោយ ឯកឧត្តម កូ សុខទីឆវិទ្ធ ទីប្រឹក្សាឯកឧត្តម អនុប្រធានទី១ព្រឹទ្ធសភា និងជាប្រធានសាខាគណបក្សប្រជាជនកម្ពុជា ប្រចាំទីក្រុង Bussy-77  ប្រទេសបារាំង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ឯកឧត្តម កូ សុខទីឆវិទ្ធ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ប្រធានស្តីទីព្រឹទ្ធសភា ដែលបានឆ្លៀតឱកាសដ៏មមាញឹកទទួលជួបក្រុមការងាររបស់ខ្លួន និងបានជម្រាបជូនពី ការខិតខំប្រឹងប្រែងរបស់សាខាគណបក្សប្រជាជនកម្ពុជា ប្រចាំទីក្រុង Bussy ប្រទេសបារាំង ពង្រឹងពង្រីកកម្លាំងមហាសាមគ្គីជាតិរវាងបងប្អូននៅក្នុងតំបន់ រួមគ្នាជួយឧបត្ថម្ភជាបន្តបន្ទាប់ រួមមាន អង្ករ និងថវិកាមួយចំនួន តាមរយៈព្រឹទ្ធសភា ជួយដល់វីរកងទ័ពជួរមុខ និងបងប្អូនភៀសសឹក នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ។

ឯកឧត្តម ប្រធានស្តីទី តាងនាមឱ្យសម្តេចតេជោ ប្រធានព្រឹទ្ធសភា បានសម្តែងនូវការកោតសរសើរ និងអំណរគុណចំពោះកាយវិការដ៏ថ្លៃថ្លានេះ ដែលជាសក្ខីភាពបង្ហាញឱ្យឃើញនូវទឹកចិត្តស្នេហាជាតិមាតុភូមិ និងកម្លាំងមហាសាមគ្គីឯកភាពជាតិទាំងក្នុងនិងក្រៅប្រទេស ប្តេជ្ញាចងបាច់ជាធ្លុងមួយរួមជាមួយវីរយុទ្ធជនជួរមុខប្រយុទ្ធតស៊ូប្រឆាំងនឹងអំពើឈ្លានពាន រំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ពីសំណាក់កងទ័ពថៃ។ ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា” យើងទាំងអស់គ្នាមិនអាចបំភ្លេចបាននូវវីរភាពអង្គអាចក្លាហាន តស៊ូទ្រាំទ្រ លះបង់អាយុជីវិតដើម្បីបុព្វហេតុជាតិរបស់បងប្អូនវីរយុទ្ធជនបានទេ”។

នៅចុងបញ្ចប់ ឯកឧត្តម ប្រធានស្តីទី បានផ្តល់អនុសាសន៍ដល់ក្រុមការងារបក្ស ជួយបន្តពង្រឹងពង្រីកកម្លាំងសាមគ្គីជាតិឯកភាពជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ និងសម្តេចធិបតី ក្នុងការការពារបូរណភាពទឹកដី ឯករាជ្យជាតិ និងអធិបតេយ្យភាពជាតិ និងបានអំពាវនាវឱ្យបងប្អូនទាំងអស់មានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ញុះញង់របស់ជនអគតិមួយក្តាប់តូច សំដៅបំបែកបំបាក់ស្មារតី និងកម្លាំងសាមគ្គីភាពរបស់ប្រជាជនកម្ពុជា ដើម្បីផលប្រយោជន៍នយោបាយរបស់ពួកខ្លួន។

ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ