














នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសរាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ព្រឹទ្ធសភា រដ្ឋសភា និងក្រសួងយុត្តិធម៌ បានរួមគ្នារៀបចំវេទិកាស្តីពី «ការកែទម្រង់វិស័យយុត្តិធម៌» នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភាទាំងអស់, ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌, ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ប្រធាន តុលាការកំពូល និងអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល, ប្រធានសាលាឧទ្ធរណ៍ និងអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍តំបន់, ប្រធានសាលាដំបូង និងព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងរាជធានី ខេត្ត, ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រដ្ឋសភា សរុបប្រមាណ ៣៤០រូប។
អង្គវេទិកានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បី៖
ទី១៖ ស្ថាប័ននីតិប្បញ្ញត្តិទទួលបាននូវបច្ចុប្បន្នភាពព័ត៌មាន និងការកំណត់ទិសដៅអាទិភាពច្បាស់លាស់ អំពីកំណែទម្រង់វិស័យយុត្តិធម៌របស់ស្ថាប័ននីតិប្រតិបត្តិ។
ទី២៖ ស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័នតុលាការ ទទួលបាននូវមតិយោបល់ និងធាតុចូល ដ៏មានតម្លៃពីស្ថាប័ននីតិប្បញ្ញត្តិ ដែលពាក់ព័ន្ធទៅនឹងបញ្ហាប្រឈម ភាពស្មុគ្រស្មាញក្នុងការអនុវត្តច្បាប់ ទស្សនៈ និងកង្វល់ ព្រមទាំងសំណូមពរជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងមន្ត្រីអនុវត្តច្បាប់ តាមរយៈការចុះបំពេញបេសកកម្មដោយផ្ទាល់របស់គណៈកម្មការនានានៃព្រឹទ្ធសភា និងរដ្ឋសភា។
ពិធីបើកអង្គវេទិកាជាផ្លូវការ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងដឹកនាំកិច្ចពិភាក្សាក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា ព្រមទាំងពិធីបិទអង្គវេទិកា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា។
វាគ្មិនដែលបានអញ្ជើញចូលរួមធ្វើបទឧទ្ទេសនាមក្នុងវេទិកានោះរួមមាន៖
១. ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌
២. លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា
៣. ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា
៤. ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការទី១ នៃព្រឹទ្ធសភា
៥. ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា។
ប្រភព៖ នាយកដ្ឋានព័ត៌មាន