មន្ត្រីយុវជនព្រឹទ្ធសភា ស្វែងយល់ពីសក្ខីកម្មប្រវត្តិសាស្ត្រនៃការស្វែងរកសន្តិភាព
 
ចែករំលែក ៖

នាព្រឹកថ្ងៃអង្គារ ៩កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំកម្មវិធីស្វែងយល់អំពី «ការចងចាំនៃដំណើរឆ្ពោះទៅសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ ២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៦» ជូនដល់មន្រ្តីរាជការដែលជាយុវជនវ័យក្មេងប្រមាណជាង ៦០នាក់។

ពិធីដ៏មានអត្ថន័យនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា ឯកឧត្តម ឡោក ឆាយ និងឯកឧត្តម ឌី បញ្ញា អគ្គលេខាធិការងព្រឹទ្ធសភា នៅសាលភក្តីវិក្រម១ព្រឹទ្ធសភា។

កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយនូវសក្ខីកម្ម នៃការសម្រេចចិត្តជាប្រវត្តិសាស្រ្ត ការតស៊ូពុះពារ និងការបូជាសាច់ស្រស់ឈាមស្រស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងការបង្កើតចលនារំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងនាំមកនូវសុខសន្តិភាពពេញផ្ទៃប្រទេសដូចសព្វថ្ងៃ។

ក្នុងឱកាសនោះផងដែរ អ្នកចូលរួមទាំងអស់ក៏បានទស្សនាវីដេអូឯកសារប្រវត្តិសាស្ត្រ និងបានស្ដាប់ការធ្វើបទបង្ហាញយ៉ាងក្បោះក្បាយពី លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច៕

ខ្លឹមសារ៖ ការិយាល័យជំនួយការគណៈកម្មការទី២ព្រឹទ្ធសភា
រូបភាព និងសម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ