គណៈប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា ចូលរួមវេទិកាសកលស្តីពី អភិបាលកិច្ចកម្រិតខ្ពស់ ក្នុងក្របខ័ណ្ឌទស្សនកិច្ចសិក្សានៅរដ្ឋធានីប៉េកាំង
 
ចែករំលែក ៖

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ គណៈប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា បានអញ្ជើញចូលរួមក្នុង «វេទិកាកម្រិតខ្ពស់ស្តីពីអភិបាលកិច្ចជាតិក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ឆ្នាំ២០២៦» នៅរដ្ឋធានីប៉េកាំង ។

វេទិកាកម្រិតខ្ពស់នេះ ត្រូវបានរៀបចំឡើងក្រោមមូលបទ “បេសកកម្មប្រវត្តិសាស្ត្រ និងតម្លៃសកម្មភាពនៃការដឹកនាំជាតិ” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរដ្ឋាភិបាល អ្នកស្រាវជ្រាវកម្រិតខ្ពស់ (Think Tank) និងអ្នកជំនាញជាង ១៥០រូប មកពី ២០ប្រទេស និងអង្គការអន្តរជាតិ រួមមាន ចិន កាហ្សាក់ស្ថាន អេស្ប៉ាញ ម៉ាឡេស៊ី នីហ្សេរីយ៉ា អាល់ហ្សេរី អេក្វាទ័រ និងតំណាងសហភាពអឺរ៉ុប។

​នៅក្នុងបទអន្តរាគមន៍គន្លឹះ នៃអង្គវេទិកានេះ លោកជំទាវ សុខ លក្ខិណា នាយិកា​រងខុទ្ទកាល័យអនុប្រធានទី២ព្រឹទ្ធសភា បានចែករំលែកនូវទស្សនទានសំខាន់ៗ ដែលជាខ្លឹមសារស្នូលនៃសុន្ទរកថា រួមមាន៖ 

​យុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពចំនួន ៣ ចំណុច៖ (ទីមួយ) សាមគ្គីភាពត្រូវផ្អែកលើការយល់ដឹងពីលក្ខខណ្ឌជាក់ស្តែងរបស់ប្រទេសនីមួយៗ; (ទីពីរ) អភិបាលកិច្ចដែលជោគជ័យត្រូវតែចាក់ឫសក្នុងវប្បធម៌ និងប្រវត្តិសាស្ត្រជាតិ; (ទីបី) កិច្ចសហប្រតិបត្តិការប្រកបដោយតម្លៃពិតប្រាកដ គឺការចែករំលែកបទពិសោធន៍នៃការអនុវត្តការងារជាក់ស្តែងនៅក្នុងស្ថាប័ន។ 

​វិធីសាស្ត្រកំណែទម្រង់ចំនួន ៤ ចំណុច៖ រួមមាន ការចុះស្រាវជ្រាវដល់មូលដ្ឋានផ្ទាល់, ការប្រើប្រាស់យន្តការច្បាប់និងលិខិតបទដ្ឋានគតិយុត្តដែលមានស្រាប់ជាធរមាន, ការបង្កើតប្រព័ន្ធការពារ និងលើកទឹកចិត្តដល់មន្ត្រីដែលបោះជំហានធ្វើនវានុវត្តន៍, និងការបែងចែកឱ្យបានច្បាស់លាស់រវាង «មធ្យោបាយ» និង «បេសកកម្ម» របស់ស្ថាប័ន។ 

​ជាទីបញ្ចប់ លោកជំទាវបានបង្ហាញពីសមិទ្ធផលនៃការធ្វើបរិវត្តកម្មឌីជីថលរបស់កម្ពុជា តាមរយៈប្រព័ន្ធ Bakong, CamDX និង CamDigiKey ព្រមទាំងបានអំពាវនាវដល់បណ្តាប្រទេសនៃពិភពលោកខាងត្បូង (Global South) ក្នុងការបង្កើនសាមគ្គីភាព និងការគោរពគ្នាទៅវិញទៅមក ដើម្បីសន្តិភាព និងវិបុលភាពរួម។

ប្រភព៖ ក្រុមការងារព័ត៌មាន និងទំនាក់ទំនងនៃសិក្ខាកាមចូលរួមសិក្ខាសាលានៅរដ្ឋធានីប៉េកាំង ប្រទេសចិន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ