









នាព្រឹកថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) និងក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ និងជាប្រធានក្រុម បាននាំយកទៀនចំណាំព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ ដែលជាទឹកចិត្តប្រកបដោយសទ្ធាជ្រះថ្លា ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តសែនជ័យបារមីប្រាសាទត្រាំព្រាល (ហៅវត្ត៣៩២) នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ក្នុងឱកាសនោះ លោកជំទាវប្រធាន និងប្រតិភូ ក៏បានធ្វើសមាទានសីល និងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន និងវីរកងទ័ពសមរភូមិមុខ ដែលបានពលីជីវិតក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ប្រឆាំងនឹងសង្គ្រាមឈ្លានពាននាពេលកន្លងមក។
លោកជំទាវប្រធាន បានមានប្រសាសន៍បញ្ជាក់ថា ពិធីវេរប្រគេនទៀនព្រះវស្សា គឺជាប្រពៃណីដ៏ល្អផូរផង់របស់ពុទ្ធបរិស័ទខ្មែរ ដែលបានប្រតិបត្តិបន្តគ្នាតាំងពីបុរាណកាលមក។ ទៀនព្រះវស្សា ជានិមិត្តរូបនៃពន្លឺប្រាជ្ញា និងសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ហើយការវេរប្រគេនទៀនព្រះវស្សា គឺជាការចូលរួមគាំទ្រដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា ឱ្យមានលទ្ធភាពបំពេញសមណកិច្ច សិក្សាព្រះធម៌ និងអប់រំប្រជាពុទ្ធបរិស័ទឱ្យប្រព្រឹត្តអំពើល្អ សាងកុសល និងថែរក្សាប្រពៃណី វប្បធម៌ និងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យបានគង់វង្សស្ថិតស្ថេរជានិច្ច។
សូមជម្រាបថា ពីធីបុណ្យចូលព្រះវស្សាមានរយៈពេល៣ខែ ពុទ្ធបរិស័ទខ្មែរ តែងមានការរៀបចំពិធីប្រគេនទៀនព្រះវស្សាសម្រាប់អុជបំភ្លឺវត្តអារាម និងប្រគេននូវទេយ្យទានផ្សេងៗសម្រាប់ជាចង្ហាន់ព្រះសង្ឃក្នុងអំឡុងរដូវវស្សារៀងរាល់ឆ្នាំ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន