



















នាព្រឹកថ្ងៃចន្ទ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងអង្គបោះឆ្នោតព្រឹទ្ធសភា នៅមណ្ឌលភូមិភាគទី៨ ក្នុងខេត្តក្រចេះ។
ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តក្រចេះ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តក្រចេះសរុប ១,០២៦នាក់។
ការអញ្ជើញចុះជួបសំណេះសំណាលនេះ ជាវេលាដ៏មានសារៈសំខាន់មួយសម្រាប់សម្តេចតេជោ ហ៊ុន សែន ក្នុងការក្រើនរំលឹក និងជំរុញដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់ទៅលើកិច្ចការជាដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសការផ្តល់សេវាទាំងឡាយជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាការដោះស្រាយបញ្ហាទាំងឡាយដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋ។
នេះជាលើកទី១៧ហើយ ដែលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះជួបផ្ទាល់ជាមួយអាជ្ញាធរមូលដ្ឋាន គិតចាប់តាំងពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ មក។ គិតមកទល់ពេលនេះ សម្តេចតេជោ បានអញ្ជើញទៅដល់បណ្តារាជធានី-ខេត្តចំនួន១៧រួចមកហើយ រួមមាន ខេត្តកំពង់ចាម, ខេត្តត្បូងឃ្មុំ, ខេត្តកណ្តាល, រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ, ខេត្តតាកែវ, ខេត្តកំពត, ខេត្តកែប, ខេត្តស្វាយរៀង, ខេត្តព្រៃវែង, ខេត្តកំពង់ឆ្នាំង, ខេត្តពោធិ៍សាត់, ខេត្តកំពង់ធំ, ខេត្តសៀមរាបនិងខេត្តឧត្តរមានជ័យ, ខេត្តបន្ទាយមានជ័យ, ខេត្តបាត់ដំបងនិងខេត្តប៉ៃលិន និងខេត្តក្រចេះ…៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន