ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរ នៅស្រុកស្អាង ខេត្តកណ្តាល
 
ចែករំលែក ៖

នាព្រឹកថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង៨:០០នាទី ឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានដឹកនាំក្រុម អញ្ជើញចុះជួបសំណេះសំណាលជាមួយអាជ្ញាធរស្រុក ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ  នៅស្រុកស្អាង ខេត្តកណ្តាល ដោយមានសមាសភាពចូលរួមសរុបចំនួន ១៣៨នាក់។
កិច្ចសំណេះសំណាលនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីអនុក្រឹត្យលេខ ៩៦ អនក្រ.បក ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ស្តីពី សេវាអត្តសញ្ញាណកម្ម ដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា, អនុក្រឹត្យលេខ ៧៦ អនក្រ.បក ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃមូលនិធិភាតរភាពរបស់រាជរដ្ឋាភិបាល និងធ្វើបទបង្ហាញអំពី “តួនាទីរបស់ឃុំ សង្កាត់ ក្នុងការចុះបញ្ជីដោយអនុលោមតាមសេចក្តីសម្រេចរបស់តុលាការ និងការជួយសម្រុះសម្រួលវិវាទនៅតាមមូលដ្ឋាន” ជូនក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ក្នុងគោលបំណងពង្រឹងការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព សំដៅធានាការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ ព្រមទាំងពង្រឹងសមត្ថភាពរបស់អាជ្ញាធរមានសមត្ថកិច្ចក្នុងការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរថែមទៀតជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុម បានប្រកាសផ្តល់អាហាររូបករណ៍តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងគណៈកម្មការទី១០ព្រឹទ្ធសភា ជាមួយវិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា (E-school) ចំនួន ១០០កន្លែង សម្រាប់ឃុំ សង្កាត់នីមួយៗ ដែលមានបំណងចុះឈ្មោះសិក្សាវគ្គចំណេះទូទៅ និងជំនាញផ្សេងៗ តាមប្រព័ន្ធអនឡាញ។

ក្នុងឱ្យកាសនោះដែរ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បាននាំយកអំណោយឧបត្ថម្ភជូនក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំងអស់ ដោយក្នុងម្នាក់ៗទទួលបានភេសជ្ជៈ អំណោយរបស់អង្គការមូលនិធិចែក រំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េចំនួន១កញ្ចប់ និងថវិកាមួយចំនួន ដោយចំណាយថវិកាសរុបទាំងអស់ចំនួន ១២.៣៧៤.០០០រៀល៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ