














ក្នុងអំឡុងពេលនៃចន្លោះសម័យប្រជុំព្រឹទ្ធសភាលើកទី៥ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ (ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ កោះកុង ពោធិ៍សាត់ និងខេត្តព្រះសីហនុ) រួមមាន លោកជំទាវ ថាក់ ឡានី ឯកឧត្តម សាយ បូរិន និងឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកក្រុម បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំស្រុក ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ សរុបចំនួន ៧១នាក់ មកពីឃុំទាំង៩ នៃស្រុកកំពង់លែង នៅសាលាស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោកជំទាវ ថាក់ ឡានី បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនចំពោះថ្នាក់ដឹកនាំស្រុក មន្ត្រីរាជការ កងកម្លាំងនៅមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋក្នុងស្រុកកំពង់លែង ក៏ដូចជាខេត្តកំពង់ឆ្នាំង ប្រកបដោយក្តីនឹករលឹកបំផុត។ លោកជំទាវ បានជម្រាបជូនអង្គពិធីអំពីគោលបំណងនៃជំនួបនេះ គឺផ្តោតសំខាន់លើការពិភាក្សា និងផ្លាស់ប្តូរយោបល់លើប្រធានបទសំខាន់ៗ ក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ការផ្តល់សេវាសាធារណៈ ការងារអត្រានុកូលដ្ឋាន ការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ការរក្សាសណ្តាប់ធ្នាប់សាធារណៈ ការទប់ស្កាត់អំពើអាណាចារ្យ គ្មានការជួញដូរមនុស្ស គ្រឿងញៀន និង បទល្មើសនេសាទ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងការថែរក្សាអនាម័យ បរិស្ថាន ល្អ និងការឆ្លើយតបទាន់ពេលវេលាចំពោះគ្រោះមហន្តរាយផ្សេងៗ។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ បានមានប្រសាសន៍ផ្តាំផ្ញើដល់អាជ្ញាធរស្រុក-ឃុំ មន្ត្រីពាក់ព័ន្ធ និងកងកម្លាំងនគរបាលរដ្ឋបាលឃុំទាំងអស់ សូមបន្តយកចិត្តទុកដាក់អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកិច្ចការថែរក្សា និងការពារសន្តិភាពក្នុងមូលដ្ឋាន ខិតខំបម្រើ និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។ បន្ថែមពីនេះ ត្រូវត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោត ដោយជំរុញការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឱ្យបានត្រឹមត្រូវ និងត្រូវមានបេក្ខជនជាស្រ្តីនៅលំដាប់លេខរៀងជាប់ឆ្នោះ ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ ខាងមុខឱ្យទទួលបានជោគជ័យ។
ជាទីបញ្ចប់ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនមួយចំនួនដល់ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ដែលបានចូលរួមក្នុងពិធីនេះ និងចូលបច្ច័យបុណ្យសពមេឃុំកំពង់ហៅ និងមេឃុំស្វាយរំពារ ក្នុងម្នាក់ ៣០ម៉ឺនរៀល ផងដែរ៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន