














នាព្រឹកថ្ងៃចន្ទ ទី០៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ម ប៊ុននាងប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា និងជាអនុប្រធានក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយសភាប្រឹក្សានយោបាយប្រជាជនចិន បានអញ្ជើញចលរួមជាអធិបតីក្នុងៈ «សិក្ខាសាលាតម្រង់ទិស លើកទឹកចិត្ត និងផ្សព្វផ្សាយអាហារូបករណ៍បន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន រួមទាំងអាហាររូបករណ៍សិក្សាតាមប្រព័ន្ធនិម្មិត ដែលរៀបចំឡើងដោយសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន នៅសាលប្រជុំនៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ តំណាងសមាគម និស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន តំណាងវិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ ចំនួន ៧០០នាក់ មកពីវិទ្យាល័យចំនួន៥ ក្នុងខេត្តតាកែវ ។
មានប្រសាសន៍សំណេះសំណលក្នុងអង្គសិក្ខាសាលានាឱកាសនោះឯកឧត្តម ម៉ម ប៊ុននាង បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខយ៉ាងកក់ក្ដៅពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ជូនចំពោះអង្គពិធីទាំងមូល។
ឯកឧត្តមប្រធាន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ ឯកឧត្តម អ៊ុ វុទ្ធទី ជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំនៅប្រទេសចិន ដែលកន្លងមកបានរួមចំណែកយ៉ាងធំធេង និងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តនូវអាទិភាពគន្លឹះទី១ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ គឺការអភិវឌ្ឍមូលធនមនុស្ស តាមរយៈការសម្របសម្រួលផ្តល់ព័ត៌មាន និងការផ្តល់ឱកាសអាហារូបករណ៍ដល់សិស្សនិស្សិតកម្ពុជា ឱ្យទៅបន្តការសិក្សានៅគ្រឹះស្ថានឧត្តមសិក្សាឈាន មុខជាច្រើននៅប្រទេសចិន។ ទន្ទឹមនោះឯកឧត្តមប្រធាន ក៏បានកោតសរសើរ និងអរគុណចំពោះវិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា ដឹកនាំដោយ ឯកឧត្តម ឈន ឈុនឡេង ដែលបានផ្តល់នូវអាហាររូបករណ៍យ៉ាងច្រើនដល់អាជ្ញាធរ ព្រមទាំងសិស្សានុសិស្ស សិក្សាតាមប្រព័ន្ធអនឡាញ ឆ្លើយតបនឹងតម្រូវការចាំបាច់របស់ប្រជាជននៅមូលដ្ឋាន។
ឯកឧត្តម ម៉ម ប៊ុននាង បានលើកទឹកចិត្តដល់សិស្សានុសិស្សដែលត្រៀមប្រឡងថ្នាក់ទី១២ នាពេលខាងមុខ ត្រូវថែរក្សាសុខភាព និងស្មារតីឱ្យបានល្អ, ខិតខំពង្រឹងសមត្ថភាព និងជឿជាក់លើខ្លួនឯង។ អាហាររូបករណ៍សិក្សាទាំងនៅប្រទេសចិន និងការសិក្សាតាមអនឡាញ មានយ៉ាងច្រើនសម្រាប់ចៅៗ៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន