














នាព្រឹកថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង៨:០០នាទី ឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានដឹកនាំក្រុមភូមិភាគទី៣ ចុះជួបសំណេះសំណាលជាមួយអាជ្ញាធរស្រុក ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយមានសមាសភាពចូលរួមសរុបចំនួន ១៤៣នាក់។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី លេខាធិការក្រុម និងជាប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា បានធ្វើបទបង្ហាញអំពី “តួនាទីរបស់ឃុំ សង្កាត់ ក្នុងការចុះបញ្ជីដោយអនុលោមតាមសេចក្តីសម្រេចរបស់តុលាការ និងការជួយសម្រុះសម្រួលវិវាទនៅតាមមូលដ្ឋាន” ជូនក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ដើម្បីពង្រឹងសមត្ថភាពរបស់អាជ្ញាធរមានសមត្ថកិច្ច ក្នុងការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរថែមទៀតជូនប្រជាពលរដ្ឋ។
ជាកិច្ចបន្ត ឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុមភូមិភាគទី៣ បានផ្សព្វផ្សាយអំពី អនុក្រឹត្យលេខ ៧៦ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃមូលនិធិភាតរភាព និង “កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ” ដែលគ្រោងចំណាយថវិកាជាង ១២០០លានដុល្លារ របស់រាជរដ្ឋាភិបាល ដើម្បីធានាបាននូវលំនឹងជីវភាពរបស់ប្រជាជនជូនអង្គពិធីសំណេះសំណាលផងដែរ។
ក្នុងឱកាសនោះដែរ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បាននាំយកអំណោយឧបត្ថម្ភជូនក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំងអស់ ដោយម្នាក់ៗទទួលបានភេសជ្ជៈ អំណោយរបស់មូលនិធិចែក រំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េចំនួន១កញ្ចប់ និងថវិកាមួយចំនួន ដោយចំណាយថវិកាសរុបចំនួន ១១,២៣០,០០០រៀល៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន