ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ អញ្ជើញចុះពង្រឹងមុខងារតំណាងរបស់ខ្លួនជាមួយក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ នៅស្រុកពញាឮ ខេត្តកណ្តាល
 
ចែករំលែក ៖

នាព្រឹកថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង៨:០០នាទី ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាងប្រធានក្រុម ចុះជួបសំណេះសំណាលជាមួយអាជ្ញាធរ ស្រុក ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ នៅស្រុកពញាឮ ខេត្តកណ្តាល ដោយមានអ្នកចូលរួមសរុបចំនួន ១២៦នាក់។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី លេខាធិការក្រុម និងជាប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា បានធ្វើបទបង្ហាញអំពី “តួនាទីរបស់ឃុំ សង្កាត់ ក្នុងការចុះបញ្ជីដោយអនុលោមតាមសេចក្តីសម្រេចរបស់តុលាការ និងការជួយសម្រុះសម្រួលវិវាទនៅតាមមូលដ្ឋាន” ជូនក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ដើម្បីពង្រឹងសមត្ថភាពរបស់អាជ្ញាធរមានសមត្ថកិច្ច ក្នុងការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរថែមទៀតជូនប្រជាពលរដ្ឋ។

ជាកិច្ចបន្ត ឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុមភូមិភាគទី៣ បានជម្រាបជូនអង្គពិធីអំពី អនុក្រឹត្យលេខ ៧៦ អនក្រ.បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃមូលនិធិភាតរភាពរបស់រាជរដ្ឋាភិបាល។ ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានក្រុម ក៏បានប្រកាសផ្តល់អាហាររូបករណ៍តាមរយៈការចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងគណៈកម្មការទី១០ ព្រឹទ្ធសភា ជាមួយវិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា (E-school) ចំនួន ១០០កន្លែង សម្រាប់ឃុំនីមួយៗ ដែលមានបំណងបន្តការសិក្សាវគ្គចំណេះដឹងទូទៅ ជំនាញបច្ចេកទេស និងភាសាផ្សេងៗ តាមប្រព័ន្ធអនឡាញ។

ជាមួយគ្នានោះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បាននាំយកអំណោយឧបត្ថម្ភជូនក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំងអស់ ដោយម្នាក់ៗទទួលបានភេសជ្ជៈ អំណោយរបស់មូលនិធិចែក រំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េចំនួន១កញ្ចប់ និងថវិកាមួយចំនួន ដោយចំណាយថវិកាសរុបចំនួន១០,១០០,០០០រៀល៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ