ឯកឧត្តម ឡាយ សំកុល អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដានិងលើកទិសដៅការងារខែសីហា ឆ្នាំ២០២៦
 
ចែករំលែក ៖

នាព្រឹកថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ប្រចាំខែកក្កដា និងលើកទិសដៅការងារខែសីហា ឆ្នាំ២០២៦ នៅសាលភក្តីវិក្រម១ នៃវិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានចាប់ពីប្រធាននាយកដ្ឋានឡើង។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការ បានគោរពជូននូវសព្ទសាធុការពរជ័យ សិរីមង្គល បវរមហាប្រសើរគ្រប់ប្រការជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់៧៤ឆ្នាំ ឈានចូល៧៥ឆ្នាំ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការ បានលើកឡើងនូវចំណុចសំខាន់ៗ ដូចខាងក្រោម៖
១-ការលើកឡើងអំពីការចុះបំពេញមុខងារតំណាងរបស់ សម្តេចតេជោ អញ្ជើញចុះជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាអង្គបោះឆ្នោតព្រឹទ្ធសភា ដែលរហូតមកដល់ពេលនេះ បានចំនួន ២៣ រាជធានី-ខេត្តហើយ។ ការចុះទៅកាន់មូលដ្ឋានរបស់សម្តេចតេជោ គឺដើម្បីបន្តជំរុញការអនុវត្តច្បាប់, ការផ្តល់សេវាសាធារណៈល្អប្រសើរជូនប្រជាពលរដ្ឋ។
២-ការរៀបចំឱ្យបានល្អប្រសើរ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទប្រធាន នៃអន្តរសភា លើកទី២ (ISC-2) និងការដោះស្រាយបញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលា។
៣-ត្រៀមរៀបចំព្រះរាជពិធីសម្ពោធអគារថ្មី «វិមានសាមគ្គីភាព» នៃព្រឹទ្ធសភា ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះកុរណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកំពូលនៃជាតិ មកពីស្ថាប័ននីតិប្បញ្ញតិ្ត ស្ថាប័ននីតិប្រតិបត្តិ អង្គទូតប្រចាំព្រះរាជាណាចក្រកម្ពុជា និងភ្ញៀវជាតិ-អន្តរជាតិ ក៏ដូចជាថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីប្រធាននាយកដ្ឋានឡើង។
៤-ត្រៀមរៀបចំទទួលបដិសណ្ឋារកិច្ចផ្លូវរដ្ឋរបស់ថ្នាក់ដឹកនាំប្រទេសជាមិត្ត និងជំនួបសវនាការរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា ព្រមទាំងបានចែករំលែកទស្សនទានស្តីពីស្ថានការណ៍ក្នុងតំបន់ និងអន្តរជាតិ។
ជាទីបញ្ចប់ ឯកឧត្តមអគ្គលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ដែលបានរួមចំណែកខិតខំបំពេញការងារបានយ៉ាងល្អប្រសើរ និងសូមបន្តខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាឱ្យបានទាន់ពេលវេលា និងគ្រប់ជ្រុងជ្រោយជូនស្ថាប័ន៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ