ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងជាប្រធានគណៈកម្មការរៀបចំសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ទទួលជួបសម្តែងការគួរសមរបស់អនុប្រធានសភាសហភាព និងព្រឹទ្ធសភាមីយ៉ាន់ម៉ា
 
ចែករំលែក ៖

នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងជាប្រធានគណៈកម្មការរៀបចំសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) បានទទួលជួបសម្តែងការគួរសមរបស់ឯកឧត្តម ចេង ផាង ណាវតង (Jeng Phang Naw Tawng) អនុប្រធានសភាសហភាព និងព្រឹទ្ធសភា នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា។ ជំនួបនេះ បានផ្តោតសំខាន់លើការពង្រឹងទំនាក់ទំនងទ្វេភាគី កិច្ចសហប្រតិបត្តិការសភា និងការពង្រឹងសាមគ្គីភាពក្នុងតំបន់។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម អ៊ុច បូររិទ្ធ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ
គណៈប្រតិភូមីយ៉ាន់ម៉ាក្នុងការអញ្ជើញចូលរួមសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី២៦-២៨ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ និងគូសបញ្ជាក់អំពីសារៈសំខាន់នៃការចូលរួម និងកិច្ចសន្ទនានានាក្នុងវេទិកានេះ ដែលនឹងជំរុញដល់ការកសាងទំនុកចិត្ត លើកស្ទួយសន្តិភាពនិងស្ថិរភាព និងពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ដើម្បីជាប្រយោជន៍សម្រាប់តំបន់ និងពិភពលោក។ ទន្ទឹមនេះ ឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា បានលើកឡើងអំពីចំណងមិត្តភាពជាភាតរៈក្នុងប្រវត្តិសាស្ត្រ វប្បធម៌សាសនា និងប្រពៃណីដ៏យូរលង់ ដែលប្រទេសទាំងពីរមាន។
ជាការឆ្លើយតប ឯកឧត្តម ចេង ផាង ណាវតង អនុប្រធានសភាសហភាព និងព្រឹទ្ធសភា នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានកោតសរសើរចំពោះការបដិសណ្ឋារកិច្ចដ៏កក់ក្ដៅនិងការរៀបចំដ៏រលូនសម្រាប់សន្និសីទ ISC-2។ នាឱកាសនោះ ឯកឧត្តម បានសម្ដែងនិងពាំនាំនូវការអបអរសាទរពីសំណាក់ប្រធានសភាមីយ៉ាន់ម៉ា ចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលត្រូវបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភាកម្ពុជា នីតិកាលទី៥ ព្រមទាំងបានកោតសរសើរចំពោះការរីកចម្រើននៃ
ស្ថាប័ននីតិប្បញ្ញត្តិរបស់កម្ពុជា។ ឯកឧត្តមបានកត់សម្គាល់ថា «កម្ពុជាជាប្រទេសតូច តែរឹងមាំខ្លាំងក្លា ។ អាស្រ័យដោយសភាមីយ៉ាន់ម៉ាបានបង្កើតរួចហើយនូវក្រុមមិត្តភាពសភាមីយ៉ាន់ម៉ា-កម្ពុជា, មីយ៉ាន់ម៉ាស្នើ និងពិតជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចែករំលែកបទពិសោធន៍ ចំណេះដឹងពាក់ព័ន្ធការកសាងស្ថាប័ននិងសមត្ថភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធក្នុងវេទិកាពហុភាគីនានាតួយ៉ាងក្នុងសន្និបាតអន្តរសភាអាស៊ាន (AIPA) និងសហភាពអន្តរសភា (IPU) ជាដើម» ។
ទន្ទឹមនឹងនេះ ឯកឧត្តមអនុប្រធានទី១ បានចែករំលែកបទពិសោធន៍របស់កម្ពុជា ក្នុងកិច្ចដំណើរការស្វែងរក កសាង និងការពារសន្តិភាព ជាពិសេសការអនុវត្ត «គោលនយោបាយឈ្នះ-ឈ្នះ» របស់សម្ដេចតេជោ ប្រធានព្រឹទ្ធសភាបច្ចុប្បន្ន ជាអគ្គមគ្គុទេសក៍ឯកដ៏ឆ្នើមរបស់កម្ពុជា ដែលបានធ្វើឱ្យកម្ពុជាទទួលបាននូវការបង្រួបបង្រួមជាតិ និងសន្តិភាព ពិតប្រាកដជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ឯកឧត្តមបានគូសបញ្ជាក់ពីតម្លៃសន្តិភាពដែលជាបុរេលក្ខខណ្ឌសម្រាប់កិច្ចអភិវឌ្ឍ ព្រមទាំងស្វាគមន៍ចំពោះកិច្ចសហការបន្ត ដែលក្នុងនោះរួមមានតាមរយៈក្រុមមិត្តភាពសភា និងយន្តការតំបន់ ដើម្បីលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕

អត្ថបទ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ