






















នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (2nd Inter-Parliamentary Speakers’ Conference – ISC-2) និងប្រធានគណៈប្រតិភូ នៃប្រទេសនានា ដែលអញ្ជើញមកចូលរួមសន្និសីទ ISC-2 ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យ ព្រះបរមរាជានុញ្ញាតឱ្យចូលគាល់សម្តែងការគួរសម នៅព្រះបរមរាជវាំង។
ព្រះរាជពិធីសវនាការនេះ បានប្រព្រឹត្តទៅក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទ ISC-2 ចាប់ពីថ្ងៃទី២៦ ដល់ទី២៨ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីប្រធានសភា តំណាងប្រធានសភា ថ្នាក់ដឹកនាំអង្គការអន្តរសភា អង្គការអន្តរជាតិពាក់ព័ន្ធ និងគណៈប្រតិភូជាន់ខ្ពស់មកពីបណ្តាប្រទេសនានាជុំវិញពិភពលោក។
រូបភាព៖ ព្រះបរមរាជវាំង
អត្ថបទ៖ នាយកដ្ឋានព័ត៌មាន