





នារសៀលថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា និងជាប្រធានអនុគណៈកម្មការហិរញ្ញវត្ថុ ផ្គត់ផ្គង់ និងភស្តុភារ ISC-2 ព្រមទាំងមានការចូលរួមពី ឯកឧត្ដម ខេង សិទ្ធិគុណ និងឯកឧត្ដម អោក បូរ៉ា អគ្គលេខាធិការរងព្រឹទ្ធសភា បានជួបសំណេះសំណាល ថ្លែងអំណរគុណ និងឧបត្ថម្ភថវិកាជូនដល់ក្រុមការងារអគ្គនាយកដ្ឋានពន្ធដារ (GDT) និងក្រុមការងារសណ្ឋាគារសុខា។
ក្នុងឱកាសនេះ ឯកឧត្តមប្រធាន បានកោតសរសើរ និងថ្លែងអំណរគុណចំពោះក្រុមការងារអគ្គនាយកដ្ឋានពន្ធដារ (GDT) ដែលបានបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ និងយកចិត្តទុកខ្ពស់ ក្រោមការចង្អុលបង្ហាញផ្ទាល់ពី ឯកឧត្ដម គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ ទន្ទឹមនឹងនេះ ក្រុមការងារសណ្ឋាគារសុខា ( Sokha Hotel) បានផ្តល់សេវាកម្មប្រកបដោយគុណភាព វិជ្ជាជីវៈ និងសុវត្ថិភាពជូនគណៈប្រតិភូទាំងអស់។
ការចូលរួមយ៉ាងសកម្ម និងការខិតខំប្រឹងប្រែងរបស់ក្រុមការងារទាំងពីរ បានរួមចំណែកយ៉ាងសំខាន់ដល់ការរៀបចំ និងភាពជោគជ័យនៃសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (ISC-2)អោយទទួលបានលទ្ធផលប្រកបដោយមោទនៈរបស់ជាតិ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន