









នាព្រឹកថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមសមាជិកាព្រឹទ្ធសភា និងគណៈកម្មការទី៨ព្រឹទ្ធសភា ដឹកនាំដោយ លោកជំទាវ មាន សំអាន ប្រធាន បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយវិស្វករ និងកម្មករសាងសង់អគារអន្តេវាសិកដ្ឋាន «ប៊ុន រ៉ានី-ជឹង សុភាព» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍។
អគារអន្តេវាសិកដ្ឋាននេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រាប់សិស្ស និស្សិតក្រីក្រដែលមកសិក្សា នៅរាជធានីភ្នំពេញ ពិធីសំណេះសំណាលនេះ បានរៀបចំឡើងនៅអគារអន្តេវាសិកដ្ឋាន ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ក្នុងឱកាសនេះក៏មានការចែកអំណោយជូនដល់បងប្អូនកម្មករ កម្មការិនីផងដែរ ដោយម្នាក់ៗទទួលបានអង្ករ មីជាតិ ទឹកត្រី ទឹកស៊ីអ៊ីវ ក្រមា និងថវិកាចំនួន៥០,០០០៛ (ប្រាំម៉ឺនរៀល)។
ប្រភព៖ នាយកដ្ឋានព័ត៌មាន