គណៈប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មានចុះពិនិត្យការងារតាមដានការអនុវត្តច្បាប់ នាចន្លោះសម័យប្រជុំព្រឹទ្ធសភា នីតិកាលទី៥
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ គណៈប្រតិភូ​ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន​(គណៈកម្មការទី៥) នៃព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តមបណ្ឌិតឈីវយីស៊ាង និងអមដំណើរដោយជំនួយការ លេខាធិការខុទ្ទកាល័យ និងមន្រ្តីជំនួយការគណៈកម្មការ បានចុះជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តស្វាយរៀង ដឹកនាំដោយ ឯកឧត្តមប៉េងពោធិ៍សា អភិបាលខេត្ត, អភិបាលរងខេត្ត អាជ្ញាធរពាក់ព័ន្ធ និងសហការី ដើម្បីតាមដាន និងពង្រឹងប្រសិទ្ធភាពការងារក្នុងដែនសមត្ថកិច្ច និងចំណុចសំខាន់ៗនៃបេសកកម្មដូចខាងក្រោម៖

១/ពិនិត្យការអនុវត្តច្បាប់ តាមដានការអនុវត្តច្បាប់ស្ដីពីសារព័ត៌មាន និងច្បាប់ស្ដីពីការងារ ឱ្យកាន់តែមានប្រសិទ្ធភាព។
២/ពង្រឹងកិច្ចសហប្រតិបត្តិការព្រំដែន វាយតម្លៃលើការងារចងសម្ព័ន្ធមេត្រីភាពរវាងខេត្តស្វាយរៀង ជាមួយបណ្ដាខេត្តនៃប្រទេសជិតខាង ដើម្បីលើកកម្ពស់ទំនាក់ទំនង និងការអភិវឌ្ឍតំបន់ព្រំដែន។
៣/ទទួលបានសេចក្តីរាយការណ៍សមិទ្ធផល បញ្ហាប្រឈម ដោះស្រាយ និងសំណូមពរ ដើម្បីរៀបចំជាទស្សនវិស័យអភិវឌ្ឍន៍ទៅថ្ងៃមុខ
៤/ភ្ជាប់ទំនាក់ទំនងជិតស្និទ្ធ បង្កើនកិច្ចសហការឱ្យកាន់តែជិតស្និទ្ធរវាងស្ថាប័នព្រឹទ្ធសភា និងអាជ្ញាធរដែនដី។
៥/ផ្សេងៗ

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតប្រធានគណៈប្រតិភូបានពាំនាំនូវប្រសាសន៍សួរសុខទុក្ខយ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ប្រមុខរដ្ឋស្តីទី ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា ឯកឧត្តមបណ្ឌិតអនុប្រធានទី២ ព្រឹទ្ធសភា ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តស្វាយរៀងទាំងអស់។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតប្រធានគណៈប្រតិភូបានបញ្ជាក់ថា រាល់សំណើ និងសំណូមពររបស់អាជ្ញាធរខេត្ត នឹងត្រូវបូកសរុបរាយការណ៍ជូនថ្នាក់ដឹកនាំព្រឹទ្ធសភា ដើម្បីស្វែងរកដំណោះស្រាយសមស្របជាមួយក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ