ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា ទទួលជួបសម្តែងការគួរសមដោយឯកឧត្តមឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា
 
ចែករំលែក ៖

នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម គ្រីស្ទាន ដេរ៉ូស (Christian DesRoches) ឯកអគ្គរដ្ឋទូតកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា។ កិច្ចពិភាក្សាបានផ្តោតសំខាន់លើការពង្រឹងទំនាក់ទំនងទ្វេភាគីតាមរយៈការពង្រីកពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគ កិច្ចសហប្រតិបត្តិការពហុភាគី​ និងការទូតសភា ព្រមទាំងការផ្លាស់ប្តូរទស្សនៈជុំវិញស្ថានភាពសន្តិសុខតំបន់ និងពិភពលោក។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានវាយតម្លៃខ្ពស់នូវ ទំនាក់ទំនងដ៏យូរអង្វែងប្រកបដោយវឌ្ឍនភាពរវាងកម្ពុជា និងកាណាដា ជាពិសេសបានសង្កត់ធ្ងន់លើទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០២៥ ដែលសម្រេចបានរហូតដល់ជាង ២ ប៊ីលានដុល្លារ បើយោងតាមទិន្នន័យរបស់ភាគីកាណាដា។ ឆ្លៀតឱកាសនោះដែរ ឯកឧត្តមបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះរដ្ឋាភិបាលកាណាដាដែលបានរួមចំណែកជាប្រវត្តិសាស្ត្រ ក្នុងកិច្ចដំណើរការស្វែងរកសន្តិភាព ការកសាងជាតិកម្ពុជាឡើងវិញ និងការអភិវឌ្ឍ រួមមាន តាមរយៈជំនួយ និងក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍជាដើម។ ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា បានសម្ដែងនូវការពេញចិត្ត ចំពោះការដំឡើងកម្រិតតំណាងការទូតរបស់កាណាដា ជាស្ថានទូតពេញលេញនៅរាជធានីភ្នំពេញ និងចាត់ទុកព្រឹត្តិការណ៍ដ៏សំខាន់នេះ ឆ្លុះបញ្ចាំងពីទំនុកចិត្តរឹងមាំទៅវិញទៅមក និងការប្តេជ្ញាចិត្តយូរអង្វែង ក្នុងការជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ។ ឯកឧត្តមបានចង្អុលបង្ហាញ និងលើកទឹកចិត្តឱ្យធុរជនកាណាដា ពិចារណាធ្វើវិនិយោគក្នុង       វិស័យ ដែលមានសក្ដានុពលខ្ពស់ ដូចជា កសិកម្មទំនើប និងធនធានរ៉ែសំខាន់ៗ នៅកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តម គ្រីស្ទាន ដេសរ៉ូស ឯកអគ្គរដ្ឋទូតកាណាដា​ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ពីការវិវត្តដ៏គួរឱ្យកត់សម្គាល់នៃភាពជាដៃគូទ្វេភាគីរវាងប្រទេសទាំងពីរ ដែលកាន់តែមានភាពចាស់ទុំ និងសកម្មទាំងផ្នែកសេដ្ឋកិច្ច អភិបាលកិច្ច និងការអភិវឌ្ឍបែបប្រជាធិបតេយ្យ។ ឯកឧត្តមឯកអគ្គរដ្ឋទូតកាណាដា បានសម្តែងនូវទំនុកចិត្តយ៉ាងរឹងមាំលើមូលដ្ឋានគ្រឹះសេដ្ឋកិច្ចដ៏ធន់ និងកំណើនប្រកបដោយចីរភាពរយៈពេលវែងរបស់កម្ពុជា “ទោះបីជាកម្ពុជា កំពុងប្រឈមនឹងផលប៉ះពាល់ក្នុងរយៈពេលខ្លីពីឧបសគ្គនានា ដូចជា ជម្លោះព្រំដែន វិបត្តិនៅមជ្ឈិមបូព៌ា និងបញ្ហាភូមិសាស្ត្រនយោបាយផ្សេងទៀតក៏ដោយ”។ ដោយលើកឡើងអំពីប្រសាសន៍របស់ថ្នាក់កំពូលកម្ពុជា និងកាណាដា ស្តីពីបញ្ហាតំបន់ ​និងពិភពលោក ឯកឧត្តមឯកអគ្គរដ្ឋទូតកាណាដា យល់ស្របនឹងទស្សនៈអំពីភាពចាំបាច់សម្រាប់បណ្ដាប្រទេសអំណាចកណ្ដាល និងប្រទេសតូចៗ ត្រូវការពារសណ្ដាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើច្បាប់ និងត្រូវធ្វើពិធកម្មភាពជាដៃគូខាងក្រៅ។ បន្ថែមពីនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់សាជាថ្មីអំពីការចូលរួមយ៉ាងសកម្មរបស់កាណាដាតាមរយៈវត្តមានគណៈប្រតិភូកាណាជាច្រើនកម្រិត ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នាពេលខាងមុខ នៅរាជធានីភ្នំពេញ។
ជាមួយគ្នានេះ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានគូសបញ្ជាក់អំពីអាទិភាពការងារសំខាន់ចំនួនពីររបស់ព្រឹទ្ធសភានីតិកាលទី៥ នោះគឺ ការទូតសភា និងការប្រាស្រ័យកាន់តែជិតស្និទ្ធជាមួយមូលដ្ឋាន និងអង្គបោះឆ្នោត ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឧត្តុងឧត្តមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ឯកឧត្តមប្រធានស្ដីទីព្រឹទ្ធសភា បានលើកស្នើឱ្យមានការរៀបចំជាទៀងទាត់នូវ «កិច្ចពិគ្រោះយោបល់រវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ» ដើម្បីចែករំលែកទស្សនៈនិងគោលជំហរលើកិច្ចការតំបន់និងអន្តរជាតិ ដែលមានផលប្រយោជន៍រួម ក្នុងទិសដៅពង្រឹងភាពជាដៃគូ និងការលើកកម្ពស់ថែមទៀតនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅក្នុងបរិបទដែលស្ថានភាពពិភពលោកបច្ចុប្បន្នកំពុងមានការវិវត្តប្រែប្រួលឆាប់រហ័ស និងពិបាកប៉ាន់ស្មាន។ លើការជម្រាបជូនត្រួសៗពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ឯកឧត្តមបានបញ្ជាក់សាជាថ្មីនូវគោលនយោបាយការបរទេសដ៏ម៉ឺងម៉ាត់របស់ កម្ពុជា ដែលផ្ដល់តម្លៃខ្ពស់ដល់សន្តិភាព កិច្ចសន្ទនាដោយសន្តិវិធី ការគោរពគ្នាទៅវិញទៅមក និងការប្រកាន់ខ្ជាប់ឥតងាករេចំពោះច្បាប់អន្តរជាតិ និងសន្ធិសញ្ញាប្រវត្តិសាស្ត្រពាក់ព័ន្ធនឹងអធិបតេយ្យភាពទឹកដី៕

ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ