














នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ គណៈប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង បានចុះជួបពិភាក្សាការងារជាមួយអាជ្ញាធរក្រុងបាវិត និងមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត ដើម្បីស្វែងយល់ផ្ទាល់អំពីវឌ្ឍនភាពចុងក្រោយនៃការអនុវត្តនីតិវិធីត្រួតពិនិត្យការចេញ-ចូល (ភ្ញៀវជាតិ-អន្តរជាតិ និងទំនិញ) ជាពិសេស ការតាមដានការអនុវត្តច្បាប់អន្តោប្រវេសន៍ និងច្បាប់ស្តីពីការងារ នៅក្នុងតំបន់ព្រំដែន និងតំបន់សេដ្ឋកិច្ចពិសេស ដែលជាចំណុចគន្លឹះក្នុងការធានាតុល្យភាពរវាងការជំរុញកំណើនសេដ្ឋកិច្ច និងការរក្សាសន្តិសុខជាតិ។
ក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង បានគូសបញ្ជាក់ថា ក្រុងបាវិត និងច្រកទ្វារព្រំដែនអន្តរជាតិបាវិត មិនត្រឹមតែជាច្រកទ្វារព្រំដែនដីគោកដ៏ចំណាស់ និងមមាញឹកបំផុតមួយរបស់កម្ពុជានោះទេ ប៉ុន្តែ គឺជាសរសៃឈាមសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ដ៏មានសក្តានុពលខ្ពស់ ក្នុងការតភ្ជាប់លំហូរពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម ព្រមទាំងនៅក្នុងក្របខណ្ឌនៃច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូងរបស់អាស៊ានផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតប្រធាន បានផ្តាំផ្ញើ និងជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ បន្តពង្រឹងស្មារតីទទួលខុសត្រូវ គោរពក្រមសីលធម៌វិជ្ជាជីវៈ និងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបៗឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីសម្រួលដល់ការដោះដូរពាណិជ្ជកម្ម និងសេវាទេសចរណ៍ឱ្យកាន់តែលឿន រហ័ស និងមានតម្លាភាព។ ជាមួយគ្នានេះ ត្រូវបន្តសហការ និងរក្សាទំនាក់ទំនងល្អជាមួយសមភាគីនៃប្រទេសជិតខាង ដើម្បីរួមគ្នាកសាងតំបន់ព្រំដែនសន្តិភាព មិត្តភាព និងការអភិវឌ្ឍ។
បន្ទាប់ពីជំនួបពិភាក្សា គណៈប្រតិភូបានអញ្ជើញចុះពិនិត្យសកម្មភាពចេញ-ចូលរបស់ភ្ញៀវជាតិ-អន្តរជាតិ ដំណើរការអាជីវកម្មរបស់ប្រជាពលរដ្ឋ ព្រមទាំងការអភិវឌ្ឍនានានៅតំបន់ជុំវិញច្រកទ្វារព្រំដែនអន្តរជាតិបាវិតដោយផ្ទាល់ផងដែរ៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន