ឯកឧត្តម ងី ច័ន្ទ្រផល ដឹកនាំគណៈប្រតិភូគណៈកម្មការទី១ ព្រឹទ្ធសភា អញ្ជើញជួបសំណេះសំណាល និងស្វែងយល់ពីការអនុវត្តការងារ បញ្ហាប្រឈម និងការដោះស្រាយពាក្យបណ្តឹង ជាមួយអាជ្ញាធរមូលដ្ឋាន ក្រុងដូនកែវ ខេត្តតាកែវ
 
ចែករំលែក ៖

ខេត្តតាកែវ៖ នាព្រឹកថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងអធិការកិច្ច នៃព្រឹទ្ធសភា (គណៈកម្មការទី១) ដឹកនាំដោយ ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការ ដោយមានការអញ្ជើញចូលរួមពីតំណាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនប្រចាំខេត្តតាកែវ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងក្រុងដូនកែវ នៅសាលាក្រុងដូនកែវ ខេត្តតាកែវ។

ពិធីសំណេះសំណាលនេះ ធ្វើឡើងក្នុងគោលបំណងតាមដានការអនុវត្តការងារ ការផ្តល់សេវាសាធារណៈ សកម្មភាពអភិវឌ្ឍន៍មូលដ្ឋាន ព្រមទាំងពិនិត្យមើលស្ថានភាពនៃការទទួលពាក្យបណ្តឹង និងការសម្របសម្រួលដោះស្រាយទំនាស់នានារបស់ប្រជាពលរដ្ឋ ជាពិសេសការប្រមូលទិន្នន័យអំពីបញ្ហាប្រឈមថ្មីៗ ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam) ដែលកំពុងប៉ះពាល់ដល់សន្តិសុខ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីពង្រឹងកិច្ចសហការ និងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត។

នាឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មការ បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខយ៉ាងកក់ក្តៅ និងសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំព្រឹទ្ធសភាទាំងអស់ ជូនចំពោះអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋទូទាំងក្រុងដូនកែវ ខេត្តតាកែវ ផងដែរ។
​ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីសំណាក់រដ្ឋបាលក្រុងដូនកែវ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងបានជម្រាបជូនអំពីបេសកកម្ម និងតួនាទីភារកិច្ចស្នូលរបស់ព្រឹទ្ធសភា ក៏ដូចជាគណៈកម្មការទី១ នៃព្រឹទ្ធសភា។ ឯកឧត្តមបានគូសបញ្ជាក់ថា គណៈកម្មការទី១ នៃព្រឹទ្ធសភា ទទួលបន្ទុកតាមដាន វាយតម្លៃស្ថានភាពសិទ្ធិមនុស្ស និងទទួលពាក្យបណ្តឹងដើម្បីស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ។ ក្នុងនោះ តួនាទីទទួលពាក្យបណ្តឹងរបស់ព្រឹទ្ធសភា ពុំមែនជាការដោះស្រាយជំនួសស្ថាប័នតុលាការ ឬអាជ្ញាធរនោះឡើយ ប៉ុន្តែជាយន្តការស្វែងយល់ពីទុក្ខលំបាក បញ្ហាប្រឈម និងសំណូមពរទាំងឡាយ ដើម្បីជួយសម្របសម្រួល និងបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ចក្នុងការដោះស្រាយជូនប្រជាពលរដ្ឋឱ្យចំគោលដៅ និងទាន់ពេលវេលា។

បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍របស់អាជ្ញាធរក្រុង-សង្កាត់ រួចមក ឯកឧត្តមប្រធានគណៈកម្មការ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងការយកចិត្តទុកដាក់លើកកម្ពស់ជីវភាពរស់នៅ និងការថែរក្សាសន្តិសុខជូនប្រជាពលរដ្ឋ។
​ជាមួយគ្នានេះ ឯកឧត្តមប្រធានគណៈប្រធានគណៈកម្មការ ក៏បានជំរុញ និងណែនាំដល់អាជ្ញាធរដែនដី និងកងកម្លាំងនគរបាលរដ្ឋបាល ត្រូវយកចិត្តទុកដាក់ខ្ពស់លើការងារសំខាន់ៗមួយចំនួនដូចជា បង្កើនការផ្សព្វផ្សាយអប់រំណែនាំប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះល្បិចកលឆបោកតាមប្រព័ន្ធអនឡាញ (Cyber Scam) គ្រប់ទម្រង់ ជាពិសេសរូបភាពឆបោកថ្មីៗ ដូចជាការអូសទាញឲ្យ «ស្តាប់បទចម្រៀងបានលុយ» ឬ «មើលវីដេអូបានប្រាក់ចំណូល» ដែលតម្រូវឲ្យកក់ប្រាក់ជាមុន ឬបំពេញភារកិច្ចផ្សេងៗ រហូតឈានទៅដល់ការបាត់បង់ទ្រព្យសម្បត្តិ ព្រមទាំងត្រូវរៀបចំយន្តការឆ្លើយតប និងទទួលពាក្យបណ្តឹងឲ្យបានទាន់ពេលវេលា។ បន្ថែមពីនេះ ត្រូវបង្កើនការយកចិត្តទុកដាក់លើការទប់ស្កាត់បទល្មើសគ្រឿងញៀន និងរឹតបន្តឹងសុវត្ថិភាពចរាចរណ៍ដើម្បីកាត់បន្ថយគ្រោះថ្នាក់ក្នុងមូលដ្ឋាន, សម្របសម្រួលដោះស្រាយបញ្ហាទំនាស់ដីធ្លីជូនប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវ, ចូលរួមថែរក្សា ការពារអនាម័យបរិស្ថានក្នុងក្រុង ព្រមទាំងបន្តលើកកម្ពស់សកម្មភាពអភិវឌ្ឍន៍ និងកត់ត្រារាល់បញ្ហាប្រឈម សំណូមពរនានារបស់ប្រជាពលរដ្ឋ ដើម្បីជួយសម្របសម្រួលជាមួយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធក្នុងការដោះស្រាយជាបន្តបន្ទាប់។

ជាកិច្ចបញ្ជាប់ ឯកឧត្តមប្រធានគណៈកម្មការ ក៏បានជូនពរដល់អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ឲ្យជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន និងទទួលបានជោគជ័យគ្រប់ភារកិច្ច។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ