ឯកឧត្តម ងី ច័ន្រ្ទផល ដឹកនាំគណៈប្រតិភូគណៈកម្មការទី១ ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្តតាកែវ
 
ចែករំលែក ៖

ខេត្តតាកែវ៖ នាព្រឹកថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងអធិការកិច្ច នៃព្រឹទ្ធសភា (គណៈកម្មការទី១) ដឹកនាំដោយ ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការ អមដំណើរដោយតំណាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីពន្ធនាគារខេត្តតាកែវ ដើម្បីស្វែងយល់ពីស្ថានភាពរស់នៅ ការគោរពសិទ្ធិមនុស្ស បញ្ហាប្រឈម និងសំណូមពរនានារបស់អង្គភាព។

​មុនឈានចូលដល់ជំនួបពិភាក្សាការងារ ឯកឧត្តមប្រធានគណៈកម្មការ និងគណៈប្រតិភូ បានអញ្ជើញចុះទស្សនាក្នុងបរិវេណពន្ធនាគារខេត្តតាកែវដោយផ្ទាល់ ដើម្បីពិនិត្យមើលស្ថានភាពជាក់ស្តែងនៃអគារឃុំឃាំង លក្ខខណ្ឌរស់នៅរបស់ជនជាប់ឃុំ ព្រមទាំងការរៀបចំសណ្តាប់ធ្នាប់ និងអនាម័យ។

នាឱកាសនោះ ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការ បានពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃពន្ធនាគារខេត្តតាកែវ។
ឯកឧត្តមប្រធានគណៈកម្មការ បានបញ្ជាក់ថា ពន្ធនាគារជាកន្លែងកែប្រែ និងស្តារនីតិសម្បទាជនជាប់ឃុំតាមរយៈការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយផ្អែកលើការគោរពសិទ្ធិមនុស្ស។ ជាមួយគ្នានេះ លោកបានសង្កត់ធ្ងន់លើការយកចិត្តទុកដាក់ខ្ពស់ចំពោះស្ត្រីមានផ្ទៃពោះ និងការការពារសិទ្ធិកុមារតាមម្តាយ តាមរយៈការផ្តល់សេវាសុខាភិបាល ការចុះសំបុត្រកំណើតទាន់ពេល និងការធានាសុខុមាលភាពពួកគេ។

​ក្នុងឱកាសនោះ លោកប្រធានពន្ធនាគារខេត្តតាកែវ បានធ្វើរបាយការណ៍សង្ខេបអំពីស្ថានភាពទូទៅ និងបានលើកឡើងពីបញ្ហាប្រឈមរបស់អង្គភាព ជាពិសេសការខ្វះខាតរថយន្តសង្គ្រោះបន្ទាន់ និងរថយន្តដឹកជញ្ជូនសម្ភារប្រើប្រាស់។ បន្ទាប់ពីបានស្តាប់ការពីការរាយការណ៍របស់លោកប្រធានពន្ធនាគាររួចមក គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា បានទទួលយកនូវរាល់បញ្ហាប្រឈម និងសំណូមពរទាំងឡាយ ដើម្បីនាំយកទៅពិនិត្យ ពិចារណា និងជួយអន្តរាគមន៍ដោះស្រាយតាមនីតិវិធី។

ជាទីបញ្ចប់ ឯកឧត្តមប្រធានគណៈកម្មការ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្តតាកែវទាំងអស់ ដែលបានខិតខំប្រឹងប្រែងគ្រប់គ្រងអង្គភាពបានយ៉ាងល្អប្រសើរ ជាពិសេសការរៀបចំអនាម័យ បរិស្ថានបៃតង ភាពស្អាតបាត និងសណ្តាប់ធ្នាប់ទូទៅក្នុងបរិវេណពន្ធនាគារបានយ៉ាងល្អស្អាត។ ជាមួយគ្នានេះ ឯកឧត្តមប្រធានគណៈកម្មការ បានលើកទឹកចិត្តឱ្យបន្តខិតខំពង្រឹងសន្តិសុខ សុវត្ថិភាព ការថែទាំសុខភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយអាជ្ញាធរដែនដី តុលាការ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីឆ្លើយតបលើតម្រូវការចាំបាច់របស់អង្គភាពឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ