ឯកឧត្តម ងី ច័ន្ទ្រផល ដឹកនាំគណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភាចុះពិភាក្សាការងារនិងពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅខេត្តតាកែវ
 
ចែករំលែក ៖

ខេត្តតាកែវ៖ នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងអធិការកិច្ច នៃព្រឹទ្ធសភា (គណៈកម្មការទី១) ដឹកនាំដោយ ឯកឧត្តមងីច័ន្ទ្រផល ដោយមានការចូលរួមពីតំណាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនប្រចាំខេត្ត បានអញ្ជើញចុះជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តតាកែវ ដឹកនាំដោយ ឯកឧត្តមវុី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងមានការចូលរួមពីឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរជំនាញជុំវិញខេត្ត និងអភិបាលក្រុង-ស្រុកទាំងអស់ក្នុងខេត្ត នៅសាលប្រជុំសាលាខេត្តតាកែវ ដើម្បីពិនិត្យមើលស្ថានភាពសិទ្ធិមនុស្ស ការដោះស្រាយពាក្យបណ្តឹង និងការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ។

នាឱកាសនោះ ឯកឧត្តម ងី ច័ន្ទ្រផល ឯកឧត្តម ងី ច័ន្ទ្រផល បានពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខយ៉ាងជ្រាលជ្រៅពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ ក្នុងជំនួបនោះ ឯកឧត្តមប្រធានគណៈកម្មការ បានលើកឡើងពីបញ្ហាប្រឈមនានាដែលទទួលបានពីក្រុមប្រឹក្សាសង្កាត់ទាំង៥ ក្នុងក្រុងដូនកែវ និងពន្ធនាគារខេត្ត រួមមាន៖ ការលំបាកលើការងារសំបុត្រអាពាហ៍ពិពាហ៍, ការកើនឡើងនៃអំពើហិង្សាក្នុងគ្រួសារ, ទំនាស់ព្រំដី និងដីសាធារណៈ, បញ្ហាបំណុល, ការខ្វះខាតរថយន្តសង្គ្រោះនៅពន្ធនាគារ ព្រមទាំងការព្រួយបារម្ភលើបទល្មើសឆបោកតាមអនឡាញ (Online Scams)។

ក្នុងឱកាសនោះ ឯកឧត្តម វុី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានជម្រាបជូនអំពីស្ថានភាពទូទៅ សន្តិសុខ និងសន្ទុះនៃការអភិវឌ្ឍក្នុងខេត្ត។ ពាក់ព័ន្ធនឹងការងារដោះស្រាយវិវាទ ឯកឧត្តមអភិបាលខេត្ត បានជម្រាបជូនពី «យន្តការដោះស្រាយជាក់ស្តែង» របស់ខេត្ត ដោយក្នុងនោះ វិវាទដីធ្លីត្រូវបានដោះស្រាយតាមមធ្យោបាយសម្រុះសម្រួលក្រៅប្រព័ន្ធតុលាការ ផ្អែកលើគោលការណ៍ «ឈ្នះ-ឈ្នះ» ដល់ទីតាំងជាក់ស្តែង។ ដោយឡែក ចំពោះបញ្ហាឆបោកតាមប្រព័ន្ធអនឡាញ រដ្ឋបាលខេត្តបានដាក់ចេញបញ្ជាឱ្យកងកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ស្រាវជ្រាវ ព្រមទាំងបង្កើនយុទ្ធនាការអប់រំផ្សពផ្សាយផ្ទាល់ដល់ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ដើម្បីទប់ស្កាត់ និងការពារទ្រព្យសម្បត្តិជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

ជាកិច្ចបញ្ចប់ ឯកឧត្តមប្រធានគណៈកម្មការ បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ ព្រមទាំងបានផ្តល់អនុសាសន៍ឱ្យបន្តពង្រឹងកិច្ចសហប្រតិបត្តិការ រួមគ្នាពន្លឿនការដោះស្រាយពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស មានតម្លាភាព និងប្រកបដោយយុត្តិធម៌ ដើម្បីបង្កើនទំនុកចិត្ត និងធានាបាននូវការគោរពសិទ្ធិមនុស្សក្នុងសង្គម៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ