











នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ អមដំណើរដោយឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម លោកអភិបាលនៃគណៈអភិបាល ស្រុកត្បូងឃ្មុំ សមាជិកក្រុមប្រឹក្សាក្រុង អភិបាលរងក្រុង/ស្រុក ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋចំនួន១៦០គ្រួសារ ដែលកំពុងជួបការលំបាក និងរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ស្ថិតនៅភូមិវិហារក្រោម ឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខ និងក្តីនឹករឭកដ៏កក់ក្តៅពីសំណាក់ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា ជូនចំពោះប្រជាពលរដ្ឋទាំងអស់ដែលកំពុងជួបការលំបាកដោយសារគ្រោះទឹកជំនន់។
ជាមួយគ្នានេះ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងរាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលកំពុងជួបការលំបាក និងរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិ។ ការចុះសួរសុខទុក្ខ និងការផ្តល់ជំនួយមនុស្សធម៌នាពេលនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ និងការចូលរួមជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋពីសំណាក់ថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាល។
ឯកឧត្តមសមាជិកព្រឹទ្ធសភាក៏បានសម្តែងការយកចិត្តទុកដាក់ និងចូលរួមចែករំលែកទុក្ខលំបាកជាមួយប្រជាពលរដ្ឋ ព្រមទាំងលើកទឹកចិត្តឱ្យបងប្អូនទាំងអស់រក្សាស្មារតីរឹងមាំ អត់ធ្មត់ និងរួមគ្នាឆ្លងកាត់ការលំបាកក្នុងដំណាក់កាលនេះ។ ឯកឧត្តមបានបញ្ជាក់ថា ការចុះសួរសុខទុក្ខ និងការផ្តល់អំណោយនាពេលនេះ គឺជាការចូលរួមចំណែកជួយសម្រាលបន្ទុកប្រចាំថ្ងៃ និងបង្ហាញពីក្តីអាណិតស្រឡាញ់ ព្រមទាំងការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ទាំង១៦០គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានអំណោយរួមមាន៖
១. មីគោក ចំនួន៤កញ្ចប់
២. ទឹកក្រូច ចំនួន១ដប
៣. ទឹកស៊ីរ៉ូ ចំនួន១ដប
៤. ទឹកដោះគោ ចំនួន១កំប៉ុង
៥. ស្ករស ចំនួន១កញ្ចប់
៦. ម្សៅស៊ុបរ៉ាទី ចំនួន១កញ្ចប់
៧. ទឹកត្រី ចំនួន១ដប
៨. ប្រេងឆា ចំនួន១ដប
៩. ទឹកម្ទេស ចំនួន១ដប
១០. សៀង ចំនួន១ដប
១១. ប្រេងខ្យង ចំនួន១ដប
១២. ត្រីខ ចំនួន២កំប៉ុង។
អំណោយទាំងនេះមានតម្លៃសរុបចំនួន ៨,០០០,០០០រៀល សម្រាប់ប្រជាពលរដ្ឋទាំង១៦០គ្រួសារ។
អំណោយមនុស្សធម៌ខាងលើ ត្រូវបានផ្តល់ជូនតាមរយៈ សមាគម រ៉ាហ្វាត អាន់នូរ សម្រាប់វិស័យអ៊ិស្លាមនៅកម្ពុជា។
ជាចុងក្រោយ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន បានជូនពរដល់ប្រជាពលរដ្ឋទាំងអស់ សូមឱ្យមានសុខភាពល្អ សុវត្ថិភាព និងឆាប់ផុតពីផលប៉ះពាល់នៃគ្រោះទឹកជំនន់ ព្រមទាំងអាចវិលត្រឡប់ទៅរកជីវភាពរស់នៅប្រកបដោយភាពសុខសាន្ត និងរីកចម្រើនឡើងវិញក្នុងពេលឆាប់ៗខាងមុខ។
ប្រភព៖ ជំនួយការឯកឧត្ដម ស្លេះ ពុនយ៉ាមុីន